មន្ត្រីអង្គការសង្គមស៊ីវិលចំនួន ៥រូប នឹងត្រូវចូលខ្លួនឆ្លើយបំភ្លឺអង្គភាពប្រឆាំងនឹងអំពើពុករលួយនៅវេលាថ្ងៃទី២៧ ខែមេសានេះ… ចំណែកមន្ត្រី ៣នាក់ទៀត នឹងត្រូវចូលបំភ្លឺនៅថ្ងៃបន្ទាប់ទី២៨ ខែមេសា ។
ការចូលខ្លួនទៅបំភ្លឺនេះ គឺជាការឆ្លើយតបនឹងការកោះអញ្ជើញរបស់អង្គភាពប្រឆាំង នឹងអំពើពុករលួយដែលសង្ស័យថា មនុស្សទាំងនោះបានជាប់ទាក់ទងនឹងការរៀបចំផ្តល់ចម្លើយក្លែងក្លាយដល់សាក្សី ទាក់ទងនឹងរឿង កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ។ កញ្ញា ស្រីមុំ គឺជាសាក្សីសំខាន់បំផុត ក្នុងគ្រាដែលតុលាការកំពុងស្វែងរកការពិត ជាប់ទាក់ទងនឹងរឿងអាស្រូវរបស់ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ។
កញ្ញាស្រីមុំ ក្នុងសំណេរសារភាពបានបង្ហាញថា មន្ត្រីអង្គការសិទ្ធិមនុស្ស និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលទាំងនោះ បានរៀបចំគម្រោងអោយនាងឆ្លើយបដិសេធការពិត នូវរឿងទាក់ទងរបស់នាងជាមួយនឹង លោក កឹម សុខា ដោយការបង្វែររឿងទាំងនោះ ឱ្យទៅជារឿងនយោបាយ ។ ប៉ុន្តែនៅពេលដែល កញ្ញាស្រីមុំ បានភ្ញាក់រលឹក ហើយបានសារភាពនៃការពិត អំពីការជាប់ទាក់ទងនឹងរឿងអាស្រូវនោះមក ក្រុមសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ បែរជាឈប់គាំទ្ររូបនាង ដោយបោះបង់កិច្ចការពាររូបនាងតាមផ្លូវច្បាប់ ។
មេឃុំគណបក្សសង្គ្រោះជាតិម្នាក់ ឈ្មោះ ស៊ាង ចេត ក្នុងស្រុកកំពង់សៀមដែលទាក់ទងនឹងការរៀបចំផ្តល់ចម្លើយក្លែងក្លាយ បានរងការឃាត់ខ្លួនដោយអង្គភាពប្រឆាំងនឹងអំពើពុករលួយ កាលពីចុងសប្តាហ៍នេះ ។ យោងតាមសេចក្តីរាយការណ៍ពីអង្គការសង្គមស៊ីវិលនៅ ថ្ងៃនេះគឺនៅថ្ងៃស្អែកទី២៧ ខែមេសានេះ មនុស្ស ៥នាក់ដំបូងដែលត្រូវចូលទៅបំភ្លឹក្នុងអង្គភាពប្រឆាំងអំពើពុករលួយ រួមមានមន្ត្រី ៤នាក់ នៃអង្គការសិទ្ធិមនុស្សអាដហុក គឺ អ្នកស្រី ទ្រី ឈួន… លោក នី សុខា… លោក ណៃ វ៉ងដា និង លោក យី សុខសាន និងមនុស្សទី៥ គឺ លោក សឺន សាលី មន្ត្រីបំរើការការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ។
ដោយឡែកមនុស្ស ៣នាក់ទៀត រួមមាន អ្នកស្រី លឹម មុនី្ន នៃអង្គការអាដហុក… អ្នកស្រី ធីតា ឃឹះ នៃអង្គការសិលកា និង លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវចូលបំភ្លឺនៅ ថ្ងៃទី២៨ ខែមេសា ។