កម្ពុជានិងសហភាពអឺរ៉ុប ត្រៀមនឹងជួបប្រជុំជាមួយគ្នារយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ។ កិច្ចប្រជុំចាប់ពីថ្ងៃទី២ ដល់ទី៤ ខែឧសភាខាងមុខនេះ គឺជាកិច្ចជុំលើកទី៩ រវាងកម្ពុជា និងសហភាពអឺរ៉ុប ក្រោយការចុះ កិច្ចព្រមព្រៀងរួមជាមួយគ្នាតាំងពីឆ្នាំ ១៩៩៩ ក្នុងការជម្រុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងសកម្មភាពកិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកិច្ច សហប្រធាននៃកិច្ចជុំលើកទី៩នេះ គឺខាងភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេស អ៊ុច បូររិទ្ធ… ចំណែកខាងសហភាពអឺរ៉ុប គឺដឹកនាំដោយ លោក អ៊ុយហ្គោ អាស្ទូតូ ដែលជាអនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃសហភាពអឺរ៉ុប ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំនឹងពិភាក្សាលើបញ្ហាមួយចំនួននៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីធានាការធ្វើប្រតិបត្តិការដោយរលូន និងការអនុវត្តអោយមានប្រសិទ្ធិភាព នូវកិច្ចព្រមព្រៀងការផ្តោតលើវិស័យសំខាន់ៗ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមានៈ ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ការអភិវឌ្ឍន៍នយោបាយនៅកម្ពុជា និងនៅសហភាពអឺរ៉ុបផងដែរ ។ សេចក្តីជូនព័ត៌មានបានបន្ថែមថា នៅទីបញ្ចប់នៃកិច្ចប្រជុំ ក៏នឹងមានការអនុម័តលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា សហភាពអឺរ៉ុប និងសេចក្តីប្រកាសព័ត៌មានរួមផងដែរ ។
គួររំលឹកថាកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា សហភាពអឺរ៉ុប បានធ្វើក្នុងក្រុងប្រុចសែល ប្រទេសបែលហ្ស៊ីក ។