ផ្លូវជាតិ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជាអតីតសមរភូមិក្តៅ ក្នុងជំនាន់សង្គ្រាមស៊ីវិល បានក្លាយជាសមិទ្ធិផលជាតិមួយទៀតក្នុងឆ្នាំ ២០១៦ នេះ បន្ទាប់ពីបានដាក់សម្ពោធប្រើប្រាស់នៅថ្ងៃទី២៦ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ផ្លូវជាតិលេខ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ មានប្រវែងសរុបជាង ១២៤គីឡូម៉ែត្រ ចំណាយថវិកាសាងសង់អស់ប្រមាណជិត ៥០លានដុល្លារអាមេរិក ។ ផ្លូវជាតិនេះ លាតសន្ធឹងដល់ទល់ដែននៃប្រទេសថៃ ដែលមានប្រយោជន៍មិនត្រឹមតែវិស័យទេសចរណ៍ រវាងថៃនិងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលើវិស័យដឹកជញ្ជូនដ៏ធំមួយ ក្នុងភាគពាយព្យនៃប្រទេសកម្ពុជាផងដែរ ។
សមិទ្ធិផលផ្លូវជាតិលេខ៥៦នេះ គឺជាសមិទ្ធិផលរាប់ចូលក្នុងឆ្នាំវក ដែលទើបនឹងឈានចូលប្រមាណជិត ២សប្តាហ៍មកនេះ ។ ក្នុងឆ្នាំមមែសប្តិស័កពុទ្ធសករាជ ២៥៥៩ កន្លងមក សមិទ្ធិគមនាគមន៍ធំៗកសាងដោយ សម្តេចតេជោសែន ក្នុងពេលមួយឆ្នាំកន្លងមក ត្រូវគេឃើញរូមមានផ្លូវជាតិលេខ៤១ ពីខេត្តកំពង់ស្ពឺ ទៅដល់ថ្នល់ជាតិលេខ៣ នៃខេត្តកំពត … ស្ពានមិត្តភាពកម្ពុជា ចិន គឺជាស្ពានតាខ្មៅ ឆ្លងកាត់ទន្លេបាសាក់ ក្នុងខេត្តកណ្តាល… ស្ពានមិត្តភាពកម្ពុជា ចិនមួយទៀត គឺជាស្ពានជ្រោយចង្វារទី២ ឆ្លងកាត់ទន្លេសាប ក្នុងរាជធានីភ្នំពេញ… ស្ពានអាកាស ៥មករា គឺជាស្ពានអាកាសតិចណូ ស្តុបទួលគោក រាជធានីភ្នំពេញ។ល។ និងសមិទ្ធិផលមួយចំនួនទៀត ដែលបានកសាងនៅតំបន់ជនបទដាច់ស្រយាលជាច្រើនថែមទៀត ។