រាជរដ្ឋាភិបាល ត្រៀមចុះពិនិត្យកាស៊ីណូទូទាំងប្រទេស ដើម្បីធានាពុំមានល្បែងតាមប្រព័ន្ធអនឡាញ ក្នុងទីតាំង និងបរិវេណកាស៊ីណូ


(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.)
នារសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ បានសហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត, អយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងសាលាដំបូងរាជធានី-ខេត្ត នៃខេត្តចំនួន១៦ ដែលមានទីតាំងកាស៊ីណូ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំក្នុងគោលបំណងចំនួន ២ គឺ(១) ដើម្បីផ្សព្វផ្សាយអំពីការមិនអនុញ្ញាត និងបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ និង (២) ការរៀបចំក្រុមការងារចម្រុះ ដើម្បីចុះពិនិត្យទីតាំងកាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ សំដៅធានាពុំមានការលបលួចបើកដំណើរការល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងកន្លងទៅ របស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរនៅមូលដ្ឋាន ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា សមិទ្ធិផលសម្រេចបានកន្លងទៅ ក៏ត្រូវបានទទួលស្គាល់ដោយអន្តរជាតិផងដែរ ដូចបានស្ដែងចេញតាមរយៈការចូលរួមរបស់បណ្ដាប្រទេស និងអង្គការអន្តរជាតិប្រមាណជិត ៣០ ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងការអនុម័តរួមគ្នាលើសេចក្ដីប្រកាសទីក្រុងភ្នំពេញចំនួន ១១ ចំណុច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។

ទោះជាយ៉ាងនេះក៏ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលបន្ថែមផងដែរថា «រាជរដ្ឋាភិបាល នឹងមិនបញ្ឈប់ត្រឹមនេះនោះទេ ពោលគឺនឹងបន្ដចាត់វិធានការក្ដៅចំពោះទីតាំងទាំងឡាយណា ដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបន្ដទៀតថា «ការចាត់វិធានការក្ដៅនេះ ក៏នឹងត្រូវធ្វើ ចំពោះទីតាំងដែលលបលួចដំណើរការល្បែងតាមប្រព័ន្ធអនឡាញផងដែរ ដោយសារល្បែងតាមប្រព័ន្ធអនឡាញ ដែលពុំមានការគ្រប់គ្រងត្រឹមត្រូវ គឺជាទម្រង់មួយនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយចាំបាច់ត្រូវចាត់វិធានការ ស្របតាមច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជាធរមាន»។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម យ៉េត វីណែល អគ្គលេខាធិការ នៃ គ.ល.ក. តំណាងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា ចាប់ពីខែតុលា ឆ្នាំ២០២៦នេះទៅ, គ.ល.ក. ស្នើសុំកិច្ចសហការពីលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. និងក្រសួង ស្ថាប័ន អង្គភាព និង អាជ្ញាធរដែលមានការពាក់ព័ន្ធ ដើម្បីចុះពិនិត្យទីតាំងកាស៊ីណូទូទាំងប្រទេស សំដៅធានាថាទីតាំងកាស៊ីណូ ពុំមានលបលួចដំណើរការល្បែងតាមប្រព័ន្ធអនឡាញ ដែលផ្ទុយពីលក្ខខណ្ឌអាជ្ញាបណ្ណផ្ដល់ដោយ គ.ល.ក.។

ក្នុងករណីរកឃើញមានការពាក់ព័ន្ធ, ក្រៅពីចាត់វិធានការក្នុងដែនសមត្ថកិច្ចរបស់ គ.ល.ក., គ.ល.ក. នឹងបន្ដផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងដល់ស្ថាប័ន អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ ដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវ និងដាក់បន្ទុកជាអតិបរមា ចំពោះអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់បន្ថែមថា លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. នឹងបន្ដបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការទាំងជាមួយស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិ ក្នុងយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ក្នុងស្មារតីនេះ ឯកឧត្ដមសន្ដិបណ្ឌិត ទេសរដ្ឋមន្ត្រី បានស្នើអាជ្ញាធរដែលមានការពាក់ព័ន្ធទាំងអស់ ត្រៀមផ្ដល់កិច្ចសហការជាមួយ គ.ល.ក. ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងកាស៊ីណូទាំងនេះ ដើម្បីធានាការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់៕