កម្ពុជាអំពាវនាវឱ្យមានហិរញ្ញប្បទានរយៈពេលវែងសម្រាប់ការអភិវឌ្ឍ និងគាំទ្រដល់ដំណើរអន្តរកាលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា


ទីក្រុងញូវយ៉ក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦  ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការទី២ (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) នៃមហាសន្និបាត អ.ស.ប. លើកទី៨១ ក្រោមប្រធានបទ “ការកៀរគរហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចសកល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា សង្កត់ធ្ងន់លើភាពចាំបាច់នៃហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដែលអាចព្យាករណ៍បាន មានតម្លៃសមរម្យ និងមានរយៈពេលវែង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយជំរុញឱ្យអនុវត្តឯកសារលទ្ធផល Compromiso de Sevilla បានទាន់ពេលវេលា ឯកអគ្គរាជទូតកម្ពុជា បានលើកទឹកចិត្តដល់ប្រទេសសមាជិកឱ្យពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង, ជើង-ត្បូង និងត្រីកោណ តាមរយៈការផ្លាស់ប្តូរចំណេះដឹង នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យា។ ជាមួយគ្នានេះ ឯកអគ្គរាជទូតកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្រដែលមានគោលដៅច្បាស់លាស់និងសមស្រប ដល់កម្ពុជា ក្នុងដំណើរអន្តរកាលឆ្ពោះទៅរកការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ផងដែរ។