ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ និងលទ្ធផលដោះស្រាយផលប៉ះពាល់នៅទីតាំងអនុគម្រោងពាមសត្ថានៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប


នាថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលើរបាយការណ៍ និងលទ្ធផលដោះស្រាយផលប៉ះពាល់នៅទីតាំងអនុគម្រោងពាមសត្ថា នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប។

​សូមជម្រាបថា កិច្ចប្រជុំនាពេលនេះដឹកនាំដោយ ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តកណ្តាល និងរាជធានីភ្នំពេញ។

​គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និងពន្លឿនការអនុវត្តនីតិវិធីបន្តដោះស្រាយផលប៉ះពាល់នៅទីតាំងអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ សំដៅធានាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងសម្រេចបានជោគជ័យតាមផែនការ ឆ្លើយតបតាមតម្រូវការពហុវិស័យ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕