ឯកឧត្តម ជា ធីរិទ្ធ៖ យុវជនត្រូវស្គាល់ខ្លួនឯង ស្គាល់ប្រវត្តិសាស្ត្រ និងបណ្តុះស្មារតីស្រឡាញ់សន្តិភាព


(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានថ្លែងថា យុវជនត្រូវស្គាល់ខ្លួនឯង សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ និងខិតខំបណ្ដុះស្មារតីស្រឡាញ់សន្តិភាព ដើម្បីអាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការកសាងសង្គម និងអនាគតកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកម្មវិធីបាឋកថាស្តីពី «តួនាទីរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍសង្គម» ដែលបានរៀបចំឡើងនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយមានយុវជនចូលរួមប្រមាណ ៨០អង្គ/នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បានសម្តែងក្តីសោមនស្សរីករាយចំពោះការចូលរួមរបស់លោក ជា ធីរិទ្ធ។ ឯកឧត្តមបានលើកឡើងថា កម្មវិធីបាឋកថានេះជាឱកាសដ៏មានសារៈសំខាន់សម្រាប់យុវជន ក្នុងការទទួលបានចំណេះដឹង និងទស្សនៈថ្មីៗ ព្រមទាំងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា និងមេរៀនពីអតីតកាល។

តាមរយៈបាឋកថារបស់ខ្លួន ឯកឧត្តម ជា ធីរិទ្ធ បានចែករំលែកអំពីសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការសិក្សា និងស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជា តាមរយៈកេរដំណែលរបស់ អ.វ.ត.ក. ព្រមទាំងការរក្សាការចងចាំ និងការរៀនសូត្រពីមេរៀននៃអតីតកាល។ លោកបានគូសបញ្ជាក់ថា ការស្គាល់ខ្លួនឯង ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងការបណ្តុះស្មារតីស្រឡាញ់សន្តិភាព គឺជាមូលដ្ឋានសំខាន់សម្រាប់យុវជនក្នុងការចូលរួមកសាងសង្គមមួយដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការសិក្សា និងស្វែងយល់អំពីអតីតកាល មិនត្រឹមតែជាការរក្សាការចងចាំប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយដ៏សំខាន់ក្នុងការបណ្តុះស្មារតីស្រឡាញ់សន្តិភាព និងលើកកម្ពស់ការចូលរួមរបស់មនុស្សជំនាន់ក្រោយក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងសង្គម។

ក្នុងកម្មវិធីនេះ យុវជន និងអ្នកចូលរួមក៏មានឱកាសផ្លាស់ប្តូរយោបល់ និងសួរសំណួរទៅកាន់វាគ្មិនផងដែរ។ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជា ធីរិទ្ធ និងអ្នកចូលរួមទាំងអស់៕