ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា មូលនិធិស្រាវជ្រាវជាតិ គ្រោងនឹងបើកទទួលសំណើស្រាវជ្រាវថ្នាក់ជាតិជាលើកដំបូង នៅត្រីមាសទី១ ឆ្នាំ២០២៧ ដែលផ្តោតទៅលើការអភិវឌ្ឍ និងនវានុវត្តន៍ (ការច្នៃប្រឌិតថ្មី)។ ការប្រកាសនេះបានធ្វើឡើងនៅដើមសប្តាហ៍នេះ បន្ទាប់ពីមូលនិធិស្រាវជ្រាវជាតិបាន ពិនិត្យលើប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា និង វឌ្ឍនភាពនៃការរៀបចំស្ថាប័ន នីតិវិធីប្រតិបត្តិការ ក្របខណ្ឌហិរញ្ញវត្ថុ ផែនការការងារឆ្នាំ២០២៧ និងសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់មូលនិធិស្រាវជ្រាវជាតិ។
មូលនិធិស្រាវជ្រាវជាតិនឹងបំពេញការងារគាំទ្រដល់ការស្រាវជ្រាវបឋមនិងគម្រោងសាកល្បង ការស្រាវជ្រាវអនុវត្ត និងការកសាងសមត្ថភាព ដោយផ្តោតលើការផ្សារភ្ជាប់នៅតាមសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ នៅក្នុងវិស័យឧស្សាហកម្ម។
សូមបញ្ជាក់ថា ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ គឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការកសាងសហគ្រិនភាពនៅកម្ពុជា។
ការស្រាវជ្រាវ នៅក្នុងវិស័យឧស្សាហកម្មត្រូវធ្វើឡើងដើម្បីស្វែងរកចំណេះដឹង ទិន្នន័យ និងវិធីសាស្ត្រថ្មីៗ ដើម្បីយល់ដឹងពីបញ្ហា ឬបង្កើតគំនិត ខណះ ការអភិវឌ្ឍ ត្រូវធ្វើឡើង ដើម្បីយកចំណេះដឹងពីការស្រាវជ្រាវ មកកែច្នៃ បង្កើត ឬពង្រឹងជាផលិតផល សេវាកម្ម និងបច្ចេកវិទ្យាជាក់ស្តែង ចំណែកឯ នវានុវត្តន៍ គឺជា ការអនុវត្តគំនិតថ្មីៗ ឬការកែលម្អប្រព័ន្ធដែលមានស្រាប់ ដើម្បីរចនាផលិតផលថ្មីៗ ឬកែលម្អផលិតផលដែលមាន ស្រាប់ឱ្យកាន់តែទំនើប និងមានគុណភាពខ្ពស់ហើយជួយឱ្យអាជីវកម្មមានភាពរឹងមាំ និងអាចប្រកួតប្រជែងបានយូរអង្វែង។ ការអនុវត្តគំនិតថ្មីៗនេះ នឹងធ្វើឲ្យកម្ពុជាអាចកែច្នៃ បង្កើត ឬពង្រីក ជាផលិតផលថ្មីៗគុណភាពខ្ពស់ ដែលអាចជំនួសផលិតផលនាំចូលពីក្រៅប្រទេស៕




