សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និស្សិតពេទ្យ ត្រូវមានសមត្ថភាព ដើម្បីធានាថា ការផ្ដល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព


ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់និស្សិតពេទ្យដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ ត្រូវបន្ដអភិវឌ្ឍន៍សមត្ថភាពខ្លួនជានិច្ច ដើម្បីធានាថា អាចផ្ដល់សេវាសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព។

ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងការប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ប្អូនៗត្រូវចាំថា សញ្ញាបត្រដែលប្អូនៗទទួលបាននៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការរៀនសូត្រទេ ប៉ុន្តែជាចំណុចចាប់ផ្ដើមនៃការរៀនសូត្រពេញមួយជីវិត។ ចាប់ពីថ្ងៃនេះតទៅ ប្អូនៗត្រូវបន្តរៀន បន្តស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍សមត្ថភាពខ្លួនជានិច្ច ដើម្បីធានាថាប្អូនៗអាចផ្ដល់សេវាសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព»។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលតែងតែខិតខំបំពេញបេសកកម្មដ៏ឧត្តមក្នុងការកសាងធនធានមនុស្សសុខាភិបាលនៅកម្ពុជា ប្រកបដោយជំនាញច្បាស់លាស់ សីលធម៌វិជ្ជាជីវៈ និងមនុស្សធម៌ អស់រយៈពេល ៨ ទសវត្សរ៍ កន្លងមក។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានបន្ថែមថា សម្រាប់និស្សិតដែលបានបញ្ចប់ការបណ្ដុះបណ្ដាលដោយជោគជ័យពីសាកលវិទ្យាល័យសរុបជាង ៣ ម៉ឺននាក់ ខណៈដែលនិស្សិតទទួលបានការងារក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា មានរហូតទៅដល់ជាង ៩៦%៕