ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពិនិត្យផ្ទាល់ដំណើរការជ្រើសរើសកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនបឋមសិក្សាជាប់បម្រុង (អាទិភាពទី១) វេនរសៀល


(ភ្នំពេញ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដើម្បីធានានូវភាពរលូន តម្លាភាព ព្រមទាំងយុត្តិធម៌ ស្របតាមគោលការណ៍គុណាធិបតេយ្យ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវដំណើរការរៀបចំបែងចែកកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ វេនរសៀល ដែលបានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ១៣៖៣០រសៀលតទៅ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងឱកាសចុះពិនិត្យដំណើរការនាវេនរសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពិនិត្យលើដំណាក់កាលការងាររបស់គណៈកម្មការ ចាប់តាំងពីការផ្ទៀងផ្ទាត់វត្តមានបេក្ខជន (ចាប់ពីលេខរៀងទី១២១ ដល់ទី២៤០) ការរៀបចំសណ្តាប់ធ្នាប់ រហូតដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបង្ហាញប៉ុស្តិ៍ការងារនៅលើផ្ទាំងអេក្រង់យ៉ាងច្បាស់។

ការអញ្ជើញចុះពិនិត្យដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងរៀបចំដំណើរការនេះ ព្រមទាំងផ្តល់នូវភាពកក់ក្តៅ និងទំនុកចិត្តដល់បេក្ខជនលោកគ្រូ-អ្នកគ្រូថ្មីទាំងអស់។

ដំណើរការបែងចែកកន្លែងការងារជូនបេក្ខជននាពេលនេះ គឺត្រូវបានអនុវត្តស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីពន្លឿននីតិវិធីនានាសំដៅធានាឱ្យបេក្ខជនអាចចុះទៅបំពេញភារកិច្ចនៅតាមសាលារៀនគោលដៅបានទាន់ពេលវេលា៕