សម្តេចភក្តីសាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម


ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរដ៏ថ្លៃថ្លា ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រគេនចង្ហាន់ និងបច្ច័យបួនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តអារាមនានាទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ឆ្នាំនេះ ចាប់ពីរសៀលថ្ងៃទី៦ និងព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅវត្តលង្កាព្រះកុសុមារាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានទទួលកាន់បិណ្ឌវេនទី១១ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីទំនុកបម្រុងចង្ហាន់ និងបច្ច័យបួនប្រគេនព្រះសង្ឃតាមគន្លង និងប្រកបដោយបសាទសទ្ធាជ្រះថ្លាបំផុតក្នុងព្រះពុទ្ធសាសនា។ ការណ៍នេះ គឺក្នុងគោលបំណងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយរួមមានមាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងយុទ្ធជន ប្រជាជនអ្នកស្នេហាជាតិមាតុភូមិទាំងអស់ ជាពិសេសវីរៈកងទ័ពពលីលើសមរភូមិក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី នាពេលថ្មីៗកន្លងទៅនេះ ព្រមទាំងរួមចំណែកលើកតម្កើងប្រពៃណីជាតិខ្មែរឱ្យបានរុងរឿងចិរកាលតទៅ ៕