(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា តាំងពីមុនឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី គឺសម្តេចបានប្រឆាំងយ៉ាងដាច់ណាត់មិនឱ្យមានការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជាឡើយ។
ការចេញមកបង្ហើប និងបញ្ជាក់ជំហរបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ដើម្បីអបអរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរខួប៨០ ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថាយ៉ាងដូច្នេះថា៖ «គោលការណ៍ខ្ញុំតាំងពីមុនខ្ញុំ ទទួលភារកិច្ចជានាយករដ្ឋមន្ត្រី គឺខ្ញុំប្រឆាំងជាមួយការចង់ដាំកញ្ឆានៅកម្ពុជា»។
បើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា មានការបញ្ចុះបញ្ចូលមួយចំនួន នៅពេលដែលឃើញប្រទេសថៃ អនុញ្ញាតឱ្យមានការដាំដើមកញ្ឆានេះដើម្បីបម្រើក្នុងគោលដំណងប្រើឱ្យផ្នែកវេជ្ជសាស្ត្រ និងវិស័យសុខាភិបាល ដែលជួយបំបាត់ការឈឺចាប់របស់អ្នកជំងឺជាដើម។ ការដំណាំកញ្ឆានេះ គឺគ្មានផ្ដល់ផលចំណេញដល់ជាតិឡើយ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅតាមបណ្តាប្រទេសមួយចំនួន គឺបានដាំ និងប្រើប្រាស់រុក្ខជាតិកញ្ឆានេះ នៅក្នុងវិស័យវេជ្ជសាស្ត្រ។ ត្រង់ចំណុចនេះក៏មានក្រុមហ៊ុនបរទេសមួយចំនួនបានស្នើសុំវិនិយោគដាំរុក្ខជាតិកញ្ឆានៅលើទឹកដីរបស់កម្ពុជា ប៉ុន្តែ សុំស្នើនេះមិនទទួលបានការអនុញ្ញាតនោះទេ។
«អ៊ឹចឹងក៏មានការគិតគូរ វិសោធនកម្មច្បាប់មួយចំនួន ខ្ញុំថា អត់ទេ ព្រោះយើងគ្រប់គ្រងមិនបានទេ។ ដាំកញ្ឆា តើគ្រប់គ្រងបានទេ? គោលដៅនៃការចង់ដាំនោះថាដើម្បីនាំចេញទៅក្រៅ ខ្ញុំថាគ្រប់គ្រងមិនបាន»។ នេះជាការគូសបញ្ជាក់ថាបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា បើដាំកញ្ឆានៅកម្ពុជា ច្បាស់ណាស់ប្រជាជននឹងជក់កញ្ឆា។ ដូច្នេះរាល់ការស្នើសុំរុក្ខជាតិកញ្ឆានៅកម្ពុជា សម្តេចតែងតែចេញមកបដិសេធ។ ចំពោះបញ្ហាដែលបង្កឡើងដោយសាររុក្ខជាតិកញ្ឆានេះ តាមការព្យាការណ៍ទុក្ខរបស់សម្តេច គឺនៅប្រទេសថៃ បានជួបបញ្ហាលើការគ្រប់គ្រងសកម្មភាពចរាចរណ៍កញ្ឆា និងការប្រើប្រាស់របស់ប្រជាជននៅក្នុងប្រទេស ដែលខុសពីគោលដំណងដើម ដែលដាំសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។
កញ្ឆា គឺជារុក្ខជាតិមួយប្រភេទ មានដើមកំណើតក្នុងទ្វីបអាស៊ីត្រជាក់មធ្យម ហើយត្រូវបានគេយកមកដាំស្ទើរគ្រប់ប្រទេស។ នៅឥណ្ឌូចិន ប្រទេសដែលដាំរុក្ខជាតិនេះច្រើនជាងគេ គឺប្រទេសឡាវ និងវៀតណាម ដែលភាគច្រើនដាំនៅលើភ្នំ។
កញ្ឆានេះ គឺជាប្រភេទរុក្ខជាតិដែលមានជាតិស្រវឹង នៅដើមទាំងមូល ប៉ុន្តែនៅចុងធាងផ្កាមានជាតិស្រវឹងខ្លាំងជាង។ គេតែងតែយកស្លឹកមកហាន់ ហើយហាលឱ្យស្ងួត លាយជាមួយស្លឹកថ្នាំជក់។ ពេលជក់ដំបូង កញ្ឆាធ្វើឱ្យមានការសប្បាយចិត្ត តែបើជក់ច្រើន ការសប្បាយចិត្តនោះបាត់ទៅវិញ ហើយអ្នកខ្លះឈានដល់ទ្រហោយំវិញ ក៏មានដែរ៕


































































