(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានថ្លែងថា អ្នកធ្វើនយោបាយដែលយកបញ្ហាជនភៀសសឹកនៅតាមព្រំដែនទៅញុះញង់ឲ្យស្អប់រាជរដ្ឋាភិបាល ប្រហែលមិនអាចសម្រេចតាមបំណងបានឡើយ ខណៈប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន បានឃើញច្បាស់ពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះពួកគាត់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ញ្ជើញជាអធិបតី ដើម្បីអបអរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយប្រជាពលជន ជនភៀសសឹកដែលនៅព្រំដែនគាត់ដឹងច្បាស់ណាស់ពីការលំបាកទាំងអស់នេះ ហើយគាត់ឃើញច្បាស់ណាស់ អ្នកណាដែលជួយពិតប្រាកដ រដ្ឋាភិបាលទុកគាត់ចោលទេ ចឹងគាត់អរគុណណាស់ហើយដែលថា ទី១៖ រដ្ឋមិនទុកគាត់ចោល ទី២៖ គ្រប់ជំហ៊ានរដ្ឋតែងតែខិតជួយគាត់ ទី៣៖ ជួយស្ដារឡើងវិញ ទោះបីរជាផ្ទះមិនបានដូចដើមក៏ដោយ ផ្ដល់កន្លែងគាត់នៅបានសមរម្យ បានមួយរយៈខ្លីដែរ វាមិនដូចផ្ទះដើមគាត់មែន ប៉ុន្តែបានជួយបណ្ដោះអាសន្ន»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តការចរចា ដើម្បីស្វែងរកដំណោះស្រាយ និងបង្កើតលទ្ធភាពឱ្យប្រជាពលរដ្ឋដែលបានភៀសសឹក អាចវិលត្រឡប់ទៅកាន់តំបន់លំនៅឋានរបស់ពួកគេវិញនៅពេលមានលទ្ធភាព។ សម្ដេចថា ប្រជាពលរដ្ឋនៅតាមព្រំដែន និងប្រជាពលរដ្ឋទូទាំងប្រទេស បានឃើញច្បាស់ពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជួយពួកគេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការយកពាក្យសម្ដីមួយចំនួនទៅកាត់ត ឬដកស្រង់តែផ្នែកខ្លះ ដើម្បីយកទៅផ្សព្វផ្សាយក្នុងគោលបំណងបង្កើតការយល់ច្រឡំថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គឺមិនអាចឆ្លុះបញ្ចាំងពីការពិតបានឡើយ។
សម្ដេចបានសង្កត់ធ្ងន់ថា ក្នុងសម័យបច្ចេកវិទ្យា ព័ត៌មានអាចត្រូវបានកាត់ត និងយកទៅផ្សព្វផ្សាយបានយ៉ាងងាយស្រួល ហើយសារនេះជាពិសេសសម្រាប់អ្នកដែលកំពុងកេងចំណេញនយោបាយនៅក្រៅប្រទេស ដោយយកបញ្ហារបស់ប្រជាពលរដ្ឋនៅតាមព្រំដែនមកធ្វើជាឧបករណ៍នយោបាយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួននៅក្នុងប្រទេស អាចឃើញការរិះគន់ពីអ្នកដទៃ ហើយយកមកនិយាយតាម ដោយសម្ដេចមិនហាមឃាត់ឡើយ។ ទោះជាយ៉ាងណា សម្ដេចចង់បញ្ជាក់ថា ប្រជាពលរដ្ឋគួរមើលទៅលើសកម្មភាពជាក់ស្ដែងរបស់រាជរដ្ឋាភិបាល និងការងារដែលកំពុងអនុវត្តដើម្បីជួយពួកគាត់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មិនមែនមានតែការរៀបចំកន្លែងស្នាក់នៅ ឬការស្ដារជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែរួមមានការងារជាច្រើនទៀត ដើម្បីការពារទឹកដី និងការពារប្រជាពលរដ្ឋ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការការពារទឹកដី និងការការពារប្រជាពលរដ្ឋ នៅតែជាអាទិភាពធំ និងសំខាន់របស់រាជរដ្ឋាភិបាល ព្រមទាំងការយកចិត្តទុកដាក់លើសុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំថា ការយកបញ្ហាជនភៀសសឹកមកញុះញង់ផ្នែកនយោបាយ មិនអាចបំបាត់ការយល់ឃើញរបស់ប្រជាពលរដ្ឋចំពោះសកម្មភាពជាក់ស្ដែងរបស់រាជរដ្ឋាភិបាលបានឡើយ ព្រោះអ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ បានឃើញ និងទទួលការជួយពីរាជរដ្ឋាភិបាលដោយផ្ទាល់៕





































































