សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ស្រ្ដីជាង២លាននាក់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ពីរាជរដ្ឋាភិបាល ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ!


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាបានលើកឡើងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ស្រ្ដីសរុបជាង ២លាន ២សែន ៥ម៉ឺននាក់បានទទួលការឧបត្ថមសាច់ប្រាក់ពីរាជរដ្ឋាភិបាល ក្នុងនោះរួមមាន ស្ត្រីគ្រួសារក្រីក្រ, ស្ត្រីជាកម្មការិនី និងស្រ្តីជាប់ពន្ធនាគារ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ពីរាជរដ្ឋាភិបាល ចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតីបានអញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត​នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ទី២គឺការឧបត្ថម្ភសាច់ប្រាក់នេះ យើងផ្ដល់ជូនជួយ ដល់ប្រជាពលរដ្ឋ ទាំងអ្នកដែលមានទម្ងន់ ក្នុងនោះមានកម្មករនិយោជិតក្នុងប្រព័ន្ធ, គ្រួសារមានបណ្ណសមធម៌, មន្ត្រីរាជការ, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, មន្ត្រីនគរបាលជាតិ, មន្ត្រីពន្ធនាគារ, ជនជាប់ឃុំ, ក្រុមប្រឹក្សាជាតិ, ខេត្ត ក្រុង ខណ្ឌ ក្រុមប្រឹក្សាសង្កាត់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ឆ្នាំ២០២៦នេះក្នុងឆមាសទី១ យើងមានអ្នកទទួលផលរហូតដល់២លាន ២សែន៥ម៉ឺននាក់ជាង ដែលរដ្ឋត្រូវជួយតាំងពីពេលមានផ្ទៃពោះមក ហើយនឹងជួយរហូតដល់កូនអាយុ២ឆ្នាំ ក្នុនោះរួមទាំងស្ត្រី នៅក្នុងពន្ធនាគារដែលខ្ញុំគិតថា ម្ដាយធ្វើខុសប៉ុន្តែកូនអត់មានកំហុសទេ ដូច្នេះត្រូវជួយទៅដល់ពួកគាត់»។

សម្តេចមហាបវរធិបតីបានបន្ថែមថា បើប្រៀបធៀបពីឆ្នាំ២០២៣ ក្នុងរយៈពេល៣ឆ្នាំនេះ យើងកើន១០៣ភាគរយពីចុងឆ្នាំ២០២៣ យើងមានតែ១លាន ១សែននាក់ទេដែលទទួលផល ប៉ុន្ដែឥឡូវនេះមានរហូតដល់២លាន២សែននាក់ នេះគឺជាទិន្នន័យជាក់ស្ដែង មិនចេះតែនិយាយថា យើងត្រូវតែធ្វើនេះធ្វើនោះទេ គឺធ្វើពិតប្រាកដ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះជាតួលេខជាក់ស្ដែង អ្នកដែលបានផលជាក់ស្ដែងរាប់លាននាក់ ទាំងកុមារ និងទារកមិនទាន់កើត ដែលយើងត្រូវគិតគូរពីសុខភាពរបស់ពួកគាត់ ដើម្បីការពារពួកគាត់នៅពេលដែលធំឡើង កាន់តែមានសុខភាពល្អ កុំឲ្យឈឺស្កាត់ កុំឲ្យមានបញ្ហាទាំងទឹកនោមផ្អែម ឬបញ្ហាអីផ្សេងៗ ហើយនេះគឺជាវិធានការរបស់យើង រួមទាំងវិធានការនៅក្នុងការបង្ការ ទប់ស្កាត់នូវបញ្ហាមួយចំនួនដូចជារឿង ការជក់បារីអេឡិចត្រូនិច ឬ Vape, ការហូបចុកភេសជ្ជៈប៉ូវកម្លាំង និងការហូបស្រាបៀរផ្សេងៗជាដើម៕