សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីដាច់ខាតមិនឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិកនៅកម្ពុជានោះឡើយ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីនូវជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការហាមដាច់ខាតមិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិក ឬបារីវេប (Vape) នៅកម្ពុជាជាដាច់ខាតទោះបីជាក្នុងគោលបំណងផលិតសម្រាប់នាំចេញក៏ដោយ ព្រោះផលិតផលទាំងនេះពិបាកគ្រប់គ្រង និងអាចមានផលវិបាកធ្ងន់ធ្ងរដល់សង្គម និងសុខភាពប្រជាពលរដ្ឋ ជាពិសេសយុវជន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីអប​អរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលចំនួន៣ រួមមានការអបអរសាទរ​ខួប​៨០​ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ពាក់ព័ន្ធទៅនឹងបារីវេប អេឡិចត្រូនិក រឿងបារីនេះឥឡូវឃើញមានសន្ទុះការប្រើប្រាស់ជាពិសេសក្មេងៗ នេះគឺជាបញ្ហាមួយដែលគោលការណ៍បានដាក់ចេញពាក់ព័ន្ធនឹងកិច្ចការនេះ ខ្ញុំបានប្រកាសជាសាធារណៈ ហើយខ្ញុំបានណែនាំទៅក្រសួងពាក់ព័ន្ធរបស់យើងមិនថា CDC ក្រសួងពាណិជ្ជកម្ម ឬមួយអីដែលជួបជាមួយបរទេសគឺថា បើគេមកសុំផលិតបារីអេឡិចត្រូនិក ឬមួយវេបស្អីនេះនៅស្រុកខ្មែរ គឺហាមមិនទទួលទេវិនិយោគនេះ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់ការវិនិយោគលើបារីអេឡិចត្រូនិកនេះ ទោះបីផលិតនាំចេញក៏ដោយ គឺមិនអនុញ្ញាតនោះទេ គឺសុំកុំឲ្យមានតែម្ដង ព្រោះថាផលិតនាំចេញក៏នៅតែពិបាកដែរ ព្រោះគ្រាន់តែនាំចូលយើងពិបាកគ្រប់គ្រងទៅហើយ ទម្រាំតែផលិតក្នុងស្រុកទៀតនោះ។ សម្តេចក៏បានបញ្ជាក់ជាថ្មីនូវជាគោលការណ៍របស់សម្តេចតាំងពីមុនទទួលភារកិច្ចជានាយករដ្ឋមន្ត្រី គឺប្រឆាំងដាច់ខាតចំពោះការចង់ដាំដុះកញ្ឆានៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីបទពិសោធន៍របស់ប្រទេសថៃ ដែលបានអនុញ្ញាតឲ្យដាំកញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្ត្រ ប៉ុន្តែបានប្រឈមនឹងបញ្ហាការគ្រប់គ្រងអត់បាន និងការប្រើប្រាស់ខុសគោលដៅជាសាធារណៈ រហូតឈានដល់ការរឹតបន្តឹងឡើងវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីដោយបដិសេធរាល់សំណើសុំវិនិយោគលើការដាំកញ្ឆា ដោយសម្តេចយល់ថាការគ្រប់គ្រងនឹងមិនអាចធ្វើទៅបានឡើយ ហើយអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សង្គម និងសុខភាពប្រជាពលរដ្ឋ ជាពិសេសយុវជន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៀតថា ជុំវិញរឿងដាំដើមកញ្ឆា និងផលិតបារីអេឡិចត្រូវនិកនៅកម្ពុជានេះ រាជរដ្ឋាភិបាលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការដាំដុះ និងការជក់ ដោយសម្តេចសុខចិត្តឱ្យគេបន្ទោសរាជរដ្ឋាភិបាល និងបន្ទោសសម្តេចដែលតឹងរឹងមិនអនុញ្ញាតឱ្យមានការដាំដើមកញ្ឆា និងផលិតបារីអេឡិចត្រូវនិក ជាជាងអនុញ្ញាតឲ្យសារធាតុទាំងនេះបំផ្លាញសុខភាព និងអនាគតរបស់ប្រជាពលរដ្ឋរាប់លាននាក់៕