នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ត្រីមាសទី៣ និងទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរទន្លេសាបជាច្រើនរូប។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងស្ថាប័នទាំងបីរហូតសម្រេចបានសមិទ្ធផលជាច្រើន សំដៅការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ព្រមទាំងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់ក្រសួងក្នុងការកសាងអាងទឹក ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងអាងទន្លេនិងធនធានទឹកចម្រុះ និងការធ្វើទំនើបកម្មវិស័យឧតុនិយម ដើម្បីការពារ ថែរក្សាគ្រប់គ្រងដែនព្រៃលិចទឹក គ្រប់គ្រងធនធានទឹក អាងទន្លេ និងស្ទឹង និងផ្តល់សេវាព្យាករឧតុនិយម ឈានទៅជូនដំណឹងដល់សាធារណជនបានទាន់ពេលវេលាអំពីគ្រោះមហន្តរាយធម្មជាតិ និងធានានូវសន្តិសុខទឹក ការផ្គត់ផ្គង់ទឹកសម្រាប់ការងារស្រោចស្រពវិស័យកសិកម្ម និងការប្រើប្រាស់លើគ្រប់វិស័យ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងស្ថាប័នទាំងបីឱ្យបន្តពង្រឹងសាមគ្គីភាព និងមានវិធានការត្រៀមបង្ការឆ្លើយតបចំពោះគ្រោះធម្មជាតិនានា ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកំដៅដោយសារបាតុភូតអ៊ែលនីញូ (El Niño) ព្រមទាំងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីបន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ៕


