សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកទៅនិស្សិតថា ស៊ូបរាជ័យក្នុងសាលា កុំបរាជ័យក្នុងជីវិត, សម្រាប់ពេទ្យបរាជ័យក្នុងជីវិតគឺការបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំលឹកដល់និស្សិតពេទ្យថា «ស៊ូបរាជ័យក្នុងសាលា កុំបរាជ័យក្នុងជីវិត» ព្រោះសម្រាប់ពេទ្យ ការបរាជ័យក្នុងជីវិតគឺការបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស។

ការថ្លែងរំលឹកនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់លើគុណភាពចំណេះដឹង និងការទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈជាគ្រូពេទ្យ។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា កិត្តិយសក្នុងសង្គមវិជ្ជាជីវៈជាពេទ្យមានតម្លៃខ្ពស់ ប៉ុន្តែអាទិភាពធំបំផុតគឺការសង្គ្រោះជីវិត និងព្យាបាលសុខភាពប្រជាជន។ សម្តេចបានលើកទឹកចិត្តឱ្យនិស្សិតរៀនដើម្បីឱ្យចេះពិតប្រាកដ មិនមែនគ្រាន់តែដើម្បីបានសញ្ញាបត្រយកទៅបើកគ្លីនិកនោះទេ។ ការយល់ដឹងច្បាស់លាស់អំពីថ្នាំ និងការព្យាបាល គឺជាកត្តាចាំបាច់ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមាន និងបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺ។

សម្តេចបវរធិបតី ថ្លែងបញ្ជាក់បែបនេះធ្វើឡើង ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។

សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា«ការរៀនសូត្រត្រូវតែទទួលខុសត្រូវ ហើយដាក់ទិសដៅ។ទិសដៅធ្វើយ៉ាងម៉េចឲ្យបាន។ សាលាដូចគ្នា សាស្រ្តាចារ្យដូចគ្នា ត្រូវខិតខំធ្វើយ៉ាងណាបង្កើតប្រសិទ្ធភាព និងដាក់ទិសដៅដើម្បីឲ្យសិស្សដែលចេញពីសាលាអាចមានឱកាស និងបង្កើនសមត្ថភាពទៅព្យាបាល ព្រោះលែងទៅតេស្តទៀតហើយ ទៅកាន់មនុស្សម្នាក់ ទៅវាយតម្លៃថ្នាំឲ្យមនុស្សម្នាក់ គឺជីវិតមួយ។ចេញពីសាលាទៅ អញ្ចឹងគាត់ខុស គាត់ត្រូវធ្វើឲ្យនៅក្នុងសាលាសុខចិត្តបរាជ័យក្នុងសាលា តែ កុំឲ្យបរាជ័យក្នុងជីវិត។ ចំពោះពេទ្យ បរាជ័យក្នុងជីវិតបានន័យថាប៉ះពាល់ទៅដល់អ្នកផ្សេង។ អ្នកផ្សេងនឹងអាចជាគ្រួសារខ្លួនឯង។»

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ថា សញ្ញាបត្រដែលទទួលបាននៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សានោះទេ ប៉ុន្តែគឺជាការចាប់ផ្តើមនៃដំណើរជីវិតវិជ្ជាជីវៈសុខាភិបាល និង ការទទួលខុសត្រូវដ៏ធំធេងចំពោះ អ្នកជំងឺ គ្រួសារ សហគមន៍ និងសង្គមជាតិ។

បន្ថែមពីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកទៅដល់មន្ទីរព្យាបាលទាំងឡាយ ក៏មិនត្រូវលេងផ្លូវកាត់ដែរ ពោលត្រូវមានភាពច្បាស់លាស់លើការព្យាបាល និងបំពាក់ឧបករណ៍ព្យាបាលឱ្យបានត្រឹមត្រូវ។

សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា គ្រូពេទ្យមិនអាចធ្វើការវះកាត់ដោយធ្វេសប្រហែស ឬពឹងផ្អែកលើការមើលវីដេអូតាម YouTube បានឡើយ ព្រោះជីវិតមនុស្សមានតម្លៃ និងមិនអាចយកមកលេងសើចបាន។ ការបណ្តុះបណ្តាលគ្រូពេទ្យទាមទារនូវការអនុវត្តជាក់ស្តែងជាមួយសពពិតប្រាកដ ឬម៉ូដែល AI ដែលមានលក្ខណៈដូចមនុស្ស ដើម្បីបង្កើនជំនាញ និងភាពច្បាស់លាស់។ សម្តេចធិបតីបានប្រៀបធៀបវិជ្ជាជីវៈពេទ្យទៅនឹងវិជ្ជាជីវៈផ្សេងទៀត ដោយបញ្ជាក់ថា កំហុសក្នុងវិស័យវេជ្ជសាស្ត្រមិនអាចកែប្រែបានដូចកំហុសក្នុងការងារគណនីឡើយ៕