សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សង្គ្រាមព្រំដែនជាមួយថៃ មិនមែនបង្កឡើងដោយកម្ពុជាឡើយ គឺផ្តើមចេញពីទ័ពថៃ ចូលមកបាញ់ទាហានខ្មែរ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ជាក់យ៉ាងច្បាស់ថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនជាមួយប្រទេសថៃកន្លងមក មិនមែនកើតចេញពីការបង្កហេតុដោយកម្ពុជានោះឡើយ ប៉ុន្តែគឺផ្តើមចេញពីសកម្មភាពរបស់ទ័ពថៃដែលបានចូលមកបាញ់ទាហានកម្ពុជានៅលើទឹកដីកម្ពុជាមុន។

ការថ្លែងបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ។

ថ្លែងទៅកាន់អង្គពិធី សម្តេចធិបតី ហ៊ុន ម៉ាណែត បានច្រានចោលការចោទប្រកាន់ និងការយល់ច្រឡំនានាដែលថាកម្ពុជាជាអ្នកបង្កជម្លោះ ដោយសម្តេចបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាក់ស្តែងថា៖

«តើចាំទេ ថ្ងៃទី២៨ ខែឧសភា គេមកបាញ់ទាហានយើងនៅលើដីយើង? តើពួកយើងមានធ្វើអី? នៅសុខៗចាំទេ ពលទាហាន សួន រោន តើខ្មែរទៅរករឿងពីណា? នៅសុខៗគេមកបាញ់ទាហានយើងដល់ដីយើង ប្រជាពលរដ្ឋទូទាំងប្រទេសទាមទារឱ្យឆ្លើយតប។ ក្រោយមកគេប្រមាថយើង រឿងខ្មែរក្រីក្រណាស់ អត់ប្រេងដាច់ខ្យល់ អត់ភ្លើងដាច់ខ្យល់ អត់អ៊ីនធឺណិតដាច់ខ្យល់ ចាំទេ? ហើយយើងឆ្លើយតបទៅវិញ ប្រាប់ថា កម្ពុជាមិនបានរករឿងទេ ប៉ុន្តែបើអ្នកមើលងាយយើង យើងនឹងចាត់វិធានការ»។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាមិនដែលចង់បានសង្គ្រាមនោះឡើយ ប៉ុន្តែអ្វីដែលកម្ពុជាធ្វើ គឺដើម្បីការពារសិទ្ធិ សេរីភាព កិត្តិយសជាតិ និងបូរណភាពទឹកដីស្របច្បាប់ប៉ុណ្ណោះ។ ផលប៉ះពាល់ពីជម្លោះនេះ បានបង្កការលំបាកដល់ប្រជាពលរដ្ឋរាប់សែននាក់ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តដោះស្រាយ និងស្តារឡើងវិញយ៉ាងយកចិត្តទុកដាក់បំផុត។

ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅ សម្តេចធិបតីបានពន្យល់ថា ការព្រមព្រៀងផ្អាកការប៉ះទង្គិចគ្នា គឺដើម្បីរក្សាភាពស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ដោយ «ឈរជើងនៅកន្លែងណាត្រូវនៅនៅកន្លែងហ្នឹង» មិនមែនជាការឈប់បាញ់ដើម្បីកាត់ដីឱ្យភាគីណាឡើយ។ ចំណុចគន្លឹះដ៏សំខាន់នៃកិច្ចព្រមព្រៀងនោះ គឺឈប់បាញ់ ហើយចាប់ផ្តើមចុះវាស់វែងកំណត់ព្រំដែនជាក់ស្តែង ដោយមិនមែនឱ្យកម្លាំងទ័ពជាអ្នកកំណត់ព្រំដែននោះទេ។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ទាំងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ពុំត្រូវបានលុបចោលឡើយ។ ការវាស់វែងកំណត់ព្រំដែន ត្រូវផ្អែកលើមូលដ្ឋានសន្ធិសញ្ញា ផែនទីច្បាស់លាស់ដែលមានជាប្រវត្តិសាស្ត្រជាង ១០០ឆ្នាំមកហើយ ដោយត្រូវផ្អែកលើការអនុវត្តជាក់ស្តែង និងឆន្ទៈនយោបាយពិតប្រាកដ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងពីជំនួបនាពេលថ្មីៗនេះជាមួយតំណាងការទូតសហរដ្ឋអាមេរិក ដែលភាគីអាមេរិកបានបញ្ជាក់ពីការជួបជាមួយភាគីថៃ ដើម្បីស្នើកុំឱ្យមានសកម្មភាពណាដែលបង្កើនកម្តៅ និងជំរុញឱ្យបន្តអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀង KL Accord ក៏ដូចជាយន្តការ JBC។ សម្តេចបានបញ្ជាក់ជំហរទៅវិញចំពោះមុខភាគីអាមេរិកថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងមិនដែលបង្កើតសកម្មភាពបង្កើនកម្តៅនោះឡើយ។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការយោគយល់ ចំពោះដំណើរការដោះស្រាយតាមផ្លូវច្បាប់ និងយន្តការការទូត (រួមទាំងការប្រើប្រាស់យន្តការអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS) ដែលទោះបីជាត្រូវចំណាយពេលវេលាយូរបន្តិចក៏ដោយ ប៉ុន្តែវាជាមធ្យោបាយដ៏ត្រឹមត្រូវ យុត្តិធម៌ និងមាននិរន្តរភាពបំផុតក្នុងការការពារបូរណភាពទឹកដីជាតិ៕