(កំពង់ឆ្នាំង)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រួមជាមួយមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្ត បានសហការជាមួយវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រៀបចំទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានចំនួន ៥ប្រទេស កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គណៈប្រតិភូទាំង ៥ប្រទេស រួមមាន៖ ឡាវ វៀតណាម ទីម័រខាងកើត មីយ៉ាន់ម៉ា និងកម្ពុជា បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីការផ្ដល់សេវាជួយជនមានពិការភាពដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ក៏ដូចជាការអប់រំការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចុះពិនិត្យមើលសកម្មភាពផ្ដល់សេវាកម្មជាក់ស្ដែងដល់ជនមានពិការភាពនៅមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង។ លើសពីនេះ ពួកគេក៏បានចុះទៅដល់ មូលដ្ឋានក្នុងភូមិសាស្ត្រឃុំព្រៃមូល ស្រុករលាប្អៀរ ដើម្បីធ្វើការអប់រំបន្ថែមពាក់ព័ន្ធនឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដល់ជនមានពិការភាពចំនួន ២០នាក់ រួមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូជាច្រើននាក់។
បន្ទាប់ពីការអប់រំ ក្រុមការងារក៏បានឧបត្ថម្ភថវិកាជាមធ្យោបាយធ្វើដំណើរដល់ជនមានពិការភាពចំនួន ៨ នាក់ នៅសាលាបឋមសិក្សាព្រៃមូល ដោយម្នាក់ៗទទួលបានថវិកាចំនួន ៦ ម៉ឺនរៀល។ សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងតំបន់អាស៊ាន ដើម្បីដោះស្រាយបញ្ហាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងលើកកម្ពស់ជីវភាពជនមានពិការភាព៕



















