អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារកងកម្លាំងជួរមុខ


(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនជួរមុខចំនួន ២៧៧គ្រួសារ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន។

សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំង និងក្រុមគ្រួសាររបស់ពួកគាត់ ដែលបានរួមចំណែកការពារបូរណភាពទឹកដី។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា គ្រួសារកងកម្លាំងនៅសមរភូមិក្រោយមិនមានការខ្វះខាតឡើយ ចំណែកកងកម្លាំងនៅជួរមុខក៏មិននៅឯកោដែរ គឺដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់មើលថែចំពោះក្រុមគ្រួសារទាំងអស់។

ឯកឧត្តមបណ្ឌិតបានបន្តថា ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងកម្លាំងនៅជួរមុខ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក និងសំណូមពរផ្ទាល់របស់ពួកគាត់នៅតាមមូលដ្ឋាន។ សកម្មភាពនេះក៏ជាផ្នែកមួយនៃការលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិយ៉ាងអង់អាចក្លាហាន។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់បងប្អូនកងកម្លាំង ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ដែលធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសុខសាន្ត និងប្រទេសជាតិអាចអភិវឌ្ឍន៍ទៅមុខបាន។ ឯកឧត្តមបានចាត់ទុកភរិយា មាតាបិតា ឬកូនៗរបស់យុទ្ធជនថាជា «បង្អែកដ៏រឹងមាំផ្នែកខាងក្រោយ» ដែលធ្វើឱ្យយុទ្ធជននៅជួរមុខមានទឹកចិត្តបំពេញភារកិច្ចដោយគ្មានការបារម្ភ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងកម្លាំង ប្រសិនបើមានការលំបាកអ្វីមួយ សូមប្រាប់ទៅអាជ្ញាធរភូមិ ឃុំ ដើម្បីរួមគ្នាដោះស្រាយ។

ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់នូវចំណាត់ការការពារសន្តិសុខ និងអធិបតេយ្យជាតិ។ រាល់គោលនយោបាយទាំងអស់ គឺសំដៅលើកកម្ពស់ជីវភាព និងគាំពារដល់កងទ័ព ក៏ដូចជាគ្រួសារកងកម្លាំងឱ្យកាន់តែប្រសើរឡើង៕