ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បាននាំយកទេយ្យទាន​ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តខ្វះខាតចំនួន ១១១វត្ត នៅខេត្តបាត់ដំបង


(ខេត្តបាត់ដំបង) អនុវត្តតាមអនុសាសន៍ណែ​នាំដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញនាំយកទេយ្យទាន​ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃតាមវត្តអារាមដែលមានការខ្វះខាត ក្នុងឱកាសបុណ្យ​កាន់​​បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២៦ សរុបចំនួន ១១១វត្ត ​ស្ថិតនៅ​វត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត​​ព្រះអនុគណ ព្រះចៅអធិការ និង​​ព្រះថេរានុត្ថេរៈ ​តំណាងឱ្យវត្តទាំង១១១វត្ត ​និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ​ប្រធានមន្ទីរ​ធម្មការ​និងសាសនា​ខេត្ត​បាត់ដំបង អាជ្ញាធរមូលដ្ឋាន អាចារ្យ គណៈកម្មការវត្ត ព្រមទាំងលោកតា លោកយាយ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត។

ឯកឧត្តម​រដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិ​នារី​កម្ពុជា ប្រគេនដល់ព្រះមន្ត្រីសង្ឃ និងជូនពុទ្ធបរិស័ទទាំងអស់ ដោយក្ដី​នឹក​រលឹក ដែលជានិច្ចជាកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខព្រះសង្ឃ និងទីវត្ត​អារាម​នៅតំបន់ជនបទ​ដាច់​ស្រយាល ដែលខ្សត់ពុទ្ធបរិស័ទ ជាពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជា​ឱកាសដ៏​សំខាន់​សម្រាប់ពុទ្ធបរិស័ទធ្វើទាន រក្សាសីល និងឧទ្ទិសកុសលដល់បុព្វការីជន។

ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​ប្រកប​ដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​បន្ត​ដឹកនាំ​ពី​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រក្សា​បាននូវសុខសន្តិភាព ស្ថិរភាព ​អធិបតេយ្យភាព ​បូរណភាពទឹកដី និង​បាន​យកចិត្ត​ទុក​ដាក់ខ្ពស់លើការអភិរក្ស ​​លើកតម្កើង​ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ការប្រគេនអង្ករដល់​វត្តខ្វះខាត​នាឱកាសនេះ គឺជាការបន្តប្រពៃណីដ៏ល្អផូរផង់​របស់ថ្នាក់​ដឹកនាំ​កម្ពុជា ក្នុងការឧបត្ថម្ភ​ព្រះពុទ្ធ​សាសនា និងធានា​ឱ្យ​ព្រះសង្ឃដែលគង់នៅវត្តតំបន់ដាច់ស្រយាល មាន​ចង្ហាន់​គ្រប់គ្រាន់ក្នុង​ការ​បំពេញសមណកិច្ច ទាំង​ក្នុងរដូវបុណ្យ និងក្រោយរដូវបុណ្យ។
ឯកឧត្តម​ បានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទី​យ៉ាងសំខាន់ក្នុងការ​អប់រំ​សីលធម៌ ចរិយាធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍ​សង្គម​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល ហើយបាន​​អំពាវនាវដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ចូលរួមរៀបចំវត្ត​អារាម​ឱ្យស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺ វត្តស្អាត វត្តស្វាង វត្តស្ងប់ រៀបចំ​សាសន​ពិធី​ឱ្យបាន​ត្រឹមត្រូវ​តាមគន្លងព្រះពុទ្ធសាសនា ក្នុងស្មារតី «ព្រះពុទ្ធសាសនាតែមួយ សាសន​ពិធី​តែមួយ» ​។
ក្នុងឱកាសនោះ ឯកឧត្តម​ ចាយ បូរិន បានប្រគេនទេយ្យទាន​ជាអង្ករ និងបច្ច័យមួយចំនួនដែលជាសទ្ធា​ជ្រះថ្លា​បំផុតរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្តខ្វះខាត​សរុប​ចំនួន ១១១វត្ត ដែលក្នុងមួយវត្តទទួលបានអង្ករចំនួន៣០០គីឡូក្រាម សរុបអង្ករ​ទាំងអស់​ចំនួន ៣៣ ៣០០ គីឡូក្រាម។

ព្រះមេគណខេត្ត​ តំណាងព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទទាំង១១១វត្ត មានក្ដីរំភើបរីករាយ និងបាន​សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហាបវរធិបតី ​និងលោកជំទាវ​បណ្ឌិត និងបានបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិ​ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូល ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ ព្រមទាំងទទួលបាននូវឧត្តមពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​​​ឡើយ៕