នារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបពិភាក្សាការងារ និងចុះពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ជាមួយលោកស្រី Stefania Dina នាយិកាប្រចាំតំបន់ទទួលបន្ទុកផ្នែកកសិកម្ម ស្បៀងអាហារ ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពនៃការសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម (Data Center) ជូនប្រតិភូ ADB ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រដល់ការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីបានចុះពិនិត្យការដ្ឋានដោយផ្ទាល់ គណៈប្រតិភូ ADB បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារសាងសង់។ ជាមួយគ្នានេះ ភាគីទាំងពីរបានប្តេជ្ញាបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីតាមដានវឌ្ឍនភាពគម្រោង និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត៕


