សម្តេចតេជោ ហ៊ុន សែន រំលឹកអនុស្សាវរីយ៍ជំនួបប្រវត្តិសាស្ត្រជាមួយអតីតរដ្ឋមន្ត្រីការបរទេសសហភាពសូវៀតឆ្នាំ១៩៧៩ និងរំលេចទស្សនវិជ្ជា «ស្មើភាព ស្មើសិទ្ធិ»


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បង្ហាញរូបភាពមួយសន្លឹកនៃជំនួប ដែលជាជំនួបការទូតលើកដំបូងរបស់សម្តេចជាមួយលោក អង់ដ្រេ ក្រូមីកូ (Andre Gromyko) អតីតរដ្ឋមន្ត្រីការបរទេសសហភាពសូវៀត កាលពីឆ្នាំ១៩៧៩។ជំនួបនេះបានបន្សល់ទុកនូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅមួយសម្រាប់ជីវិតនយោបាយរបស់សម្តេចតេជោ គឺ «ស្មើភាព ស្មើសិទ្ធិ»។

សម្តេចតេជោបានរំលឹកថា ជំនួបនាពេលនោះ លោក អង់ដ្រេ ក្រូមីកូ កើតឆ្នាំ១៩០៩ មានវ័យ៧០ឆ្នាំ ខណៈសម្តេចកើតឆ្នាំ១៩៥២ មានអាយុទើបតែ២៧ឆ្នាំប៉ុណ្ណោះ។ ជំនួបនេះ គឺជាការជួបគ្នារវាងអ្នកការទូតវ័យចំណាស់ តំណាងឲ្យប្រទេសមហាអំណាចមួយ និងយុវជនវ័យក្មេង តំណាងឱ្យប្រទេសតូចមួយដែលទើបតែងើបចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានសារភាពថា មុនជំនួប សម្តេចពិតជាមានការបារម្ភយ៉ាងខ្លាំង ដោយសារវ័យក្មេង និងបទពិសោធន៍ការទូតនៅមានកម្រិត ត្រូវចរចាជាមួយអ្នកការទូតជើងចាស់ ដែលធ្លាប់ជាអគ្គរដ្ឋទូតសូវៀតប្រចាំសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមលោកលើកទី២ (ឆ្នាំ១៩៤៣ ដល់១៩៤៦)។

ទោះជាយ៉ាងណា ភាពក្លាហានបានផុសឡើងវិញភ្លាមៗ នៅពេលសម្តេចក្រឡេកឃើញទង់ជាតិកម្ពុជាបក់រវិចនៅជាប់នឹងទង់ជាតិសហភាពសូវៀតនៅលើរថយន្តដែលសម្តេចជិះ។ ការណ៍នេះបានធ្វើឱ្យសម្តេចគិតថា ទោះបីជាក្មេង និងតំណាងឱ្យប្រទេសតូចក្រីក្រក៏ដោយ ក៏នៅតែជាតំណាងឱ្យរដ្ឋអធិបតេយ្យមួយ ខណៈអ្នកការទូតវ័យចំណាស់ តំណាងឱ្យប្រទេសធំ និងមាន ក៏ជាតំណាងឱ្យរដ្ឋអធិបតេយ្យមួយដូចគ្នា។

ចាប់តាំងពីពេលនោះមក សម្តេចតេជោ បានប្រកាន់ខ្ជាប់នូវទស្សនវិជ្ជា «ស្មើភាព ស្មើសិទ្ធិ» រៀងរហូត។ ជំនួបប្រវត្តិសាស្ត្រនេះបានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃអធិបតេយ្យភាពជាតិ និងគោលការណ៍សមភាពក្នុងទំនាក់ទំនងអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាក្នុងការឈរលើឆាកអន្តរជាតិ៕