ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Laetitia HABCHI នាយិកាថ្មីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំនៅកម្ពុជា


នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Laetitia HABCHI នាយិកាថ្មីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំនៅកម្ពុជា និងគណៈប្រតិភូអមដំណើរ ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រី Laetitia HABCHI ក្នុងឱកាសចាប់ផ្ដើមបំពេញបេសកកម្មថ្មីនៅកម្ពុជា និងបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងក្រសួងធនធានទឹក និងឧតុនិយម នឹងកាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធភាព ជាពិសេសការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានជោគជ័យនូវកម្មវិធី និងគម្រោងដែលកំពុងអនុវត្ត ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូថា ក្រសួងធនធានទឹក និងឧតុនិយម កំពុងរៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រងនិងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមរយៈពេល៥ឆ្នាំ ដែលនឹងកំណត់អាទិភាព និងតម្រូវការសំខាន់ៗសម្រាប់រយៈពេលខាងមុខ ព្រមទាំងបានបញ្ជាក់ថា កម្ពុជានៅមានតម្រូវការវិនិយោគ និងការគាំទ្របន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងប្រព័ន្ធឧតុនិយម ដើម្បីពង្រឹងសន្តិសុខទឹក បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយហានិភ័យពីទឹកជំនន់ និងគ្រោះរាំងស្ងួត បង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្ម និងការប្រើប្រាស់ទឹក និងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់ក្រុមការងាររបស់ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ និងពន្លឿនការអនុវត្តកម្មវិធីWAT4CAM ជំហានទី១ឱ្យសម្រេចបានតាមផែនការកំណត់ និងធានាប្រសិទ្ធភាព និងគុណភាពនៃការអនុវត្តគម្រោងស្វាយចេក ព្រមទាំងស្នើឱ្យភាគីបារាំងពិនិត្យលទ្ធភាពផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងបច្ចេកទេស សម្រាប់ការសិក្សាលទ្ធភាពបឋមនៃគម្រោងព្រែកអង្គរបាន ដើម្បីតភ្ជាប់ប្រព័ន្ធផ្លូវទឹកពីតំបន់ទន្លេមេគង្គទៅកាន់បឹងទន្លេសាប៕