រដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត តាមមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដោយមិនគិតថ្លៃ នាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ នៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ផ្តល់សេវាដឹកជញ្ជូនសាធារណៈ ដោយឥតគិតថ្លៃជូនបងប្អូន ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជាការជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយនៅតាមបណ្តាខេត្តនានា នៅក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី លោកជំទាវបណ្ឌិត និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយផ្តល់មធ្យោបាយបានទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ ដែលជួយសន្សំសំចៃប្រាក់ថ្លៃធ្វើដំណើរ បានមួយចំនួនផងដែរ។

លោករដ្ឋមន្រ្តី និងលោកអភិបាលរាជធានីភ្នំពេញ បានជូនពរដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទាំងពេលទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ពេលទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត តាមរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងទាំងពេលត្រឡប់មករាជធានីភ្នំពេញវិញផងដែរ៕