លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញា បត្រមធ្យម សិក្សាទុយិភូមិទទួលបាន និទ្ទេស A,B និង C ទូទាំងខេត្ត ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលផងដែរ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ សម្រាប់ការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២៦នេះ គឺមានបេក្ខជនប្រឡងជាប់ទូទាំងខេត្តប៉ៃលិន ចំនួន ៥៥១នាក់ ស្រី៣៤៤នាក់ ស្មើនឹង ៨៥,៣% ស្រី ៩១,២៥% ក្នុងនោះ (និទ្ទេស A ០១នាក់ ស្រី០១នាក់, B ១៩នាក់ ស្រី ១២នាក់, C ៩៩នាក់ ស្រី ៦៦នាក់, D ១៩៨នាក់ ស្រី១៣១នាក់ និងនិទ្ទេស E ២៣៤នាក់ ស្រី ១៣៤នាក់)។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំនៅកម្ពុជា ជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសមត្ថភាព ប្រកួតប្រជែងនៅក្នុងតំបន់ និងលើសកលលោក ពីព្រោះយុវជនដែលជាទំពាំងស្នងឫស្សី នឹងចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុងខេត្តប៉ៃលិន គឺស្តែងចេញពីកិច្ចសហការរបស់អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលបានជួយបង្កលក្ខណៈឱ្យកូនចៅមករៀន បានទៀងទាត់ និងធ្វើការតាមដានការសិក្សារបស់ពួកគជាប្រចាំ ដោយសហការគ្រប់យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្របតាមចតុស្ដម្ភទាំង៤ រួមមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បី អនាគតរបស់ខ្លួន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ជាពិសេសត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង បងធំបងតូច និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាពក្នុងការទៅបន្តការសិស្សា នៅសកលវិទ្យាល័យនានា សូមទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីស្វែងរកអាហារូបករណ៍ផ្តល់ជូន សម្រាប់បន្តការសិក្សារៀនសូត្រ។
សូមបញ្ជាក់ថា លោកស្រីបណ្ឌិត បាន ស្រីមុំ បានឧបត្ថម្ភដល់សិស្ស ជាប់និទ្ទេស A ចំនួន ១នាក់ ដោយទទួលបានម៉ូតូ Honda Wave ១គ្រឿង, សិស្សជាប់និទ្ទេស B ចំនួន ១៩នាក់ ទទួលបានថវិកា ២០ម៉ឺនរៀល, សិស្សជាប់និទ្ទេស C ចំនួន ៩៩នាក់ ទទួលបានថវិកា ១០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ចំនួន ៥៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕











