កិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស


នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ។

 

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ លោកស្រី អភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្តលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨

លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទាំង៨ លោកអធិការនគរបាលក្រុង ស្រុកទាំង៨ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ ៦០៩-៩១១ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទាំង៨ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

 

មានមតិស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តជម្រាបជូនដោយសង្ខេបពីស្ថានភាពរដ្ឋបាលទូទៅ និងស្ថានភាព នៃការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនដោយខុសច្បាប់របស់ពលរដ្ឋខ្មែរនិងជនបរទេស ក្នុងនោះគិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បានធ្វើចំណាកស្រុករកការងារធ្វើក្រៅប្រទេស ចំនួន ៥.០៨០នាក់ ៥.០៨០នាក់ ស្រី ស្រី ១.៩៨១នាក់ (ស្របច្បាប់ ៤.៨៩៥នាក់ ស្រី ១.៨៩១នាក់ និង មិនស្របច្បាប់ ចំនួន ៨១នាក់ ត្រ ១នាក់ ស្រី ៨៥នាក់) និងចំណាកស្រុកក្នុងប្រទេស ចំនួន ៤៦.៤០០នាក់ ស្រី ២៤.៤៨៨នាក់ ។ ដោយឡែកប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មាន ចំនួន ៤.០៨១នាក់ ស្រី ១.៦៦៣នាក់ (ទទួលបានការងារធ្វើ ចំនួន ២.៣៧៦នាក់) ។

 

ឯកឧត្តមបន្តថា ទូទាំងខេត្តស្វាយរៀងមានច្រកទ្វារព្រំដែនចំនួន ០៨កន្លែង ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិមាន ០២កន្លែង ច្រកទ្វារព្រំដែនទ្វេភាគី មាន ០២កន្លែង ច្រកទ្វារតំបន់ព្រំដែន មាន ០៤កន្លែង ហេីយច្រកទ្វារ ព្រំដែនទាំងអស់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើពាណិជ្ជកម្ម ការដោះដូរ ផលិតផល និងកសិផលផ្សេងៗ ជាពិសេសសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ទាំងប្រជាពលរដ្ឋកម្ពុជា ជនបរទេស និងភ្ញៀវទេសចរណ៍ ស្របតាមនីតិវិធីច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានា ដោយក្នុងនោះ រយៈពេល ៩ខែ ឆ្នាំ២០២៦នេះ គ្រប់ច្រកទ្វារព្រំដែន ទាំងអស់បានសម្របសម្រួលដល់អ្នកដំណើរចេញ-ចូល ឆ្លងកាត់ច្រកទ្វារព្រំដែនសរុប ចំនួន ២.៥០០.៧៤៣នាក់ ។

 

ឯកឧត្តមបន្ថែមថា ការងារគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែននេះកន្លងមក រដ្ឋបាលតែងតែយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញនូវវិធានការនានា ព្រមជាមួយនិងការណែនាំជាប្រចាំដល់អង្គភាពពាក់ព័ន្ធ មន្ត្រី និងកម្លាំងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែន និងនៅតាមខ្សែបន្ទាត់ ព្រំដែន ឲ្យអនុវត្តតួនាទីភារកិច្ចបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជា ការយកចិត្តទុកដាក់ពង្រឹងការចាត់តាំងកម្លាំងយាមល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានា ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការទប់ស្កាត់ការលួច ជ្រៀតចូល នៃជនអន្តោប្រវេសន៍ខុសច្បាប់ និងសកម្មភាពលួចលាក់ឆ្លងកាត់ព្រំដែនដោយ ខុសច្បាប់ជាដេីម។

 

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង និងត្រួតពិនិត្យលំហូរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ទាំងចំពោះពលរដ្ឋកម្ពុជា និងជនបរទេស ព្រមទាំងពង្រឹងការសហការរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់ការកើតមានបទល្មើសផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

 

លោកជំទាវរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តខិតខំប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់ការឆ្លងដែន និងការស្នាក់នៅដោយខុសច្បាប់របស់ជនអន្តោប្រវេសន៍ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងការប្រើប្រាស់ការឆ្លងដែនខុសច្បាប់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម៕