នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទជិតឆ្ងាយ នាំយកចង្ហាន់ បច្ច័យ និងទេយ្យទានជាច្រើនមុខ ប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តចំនួន៤ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វត្តទាំង៤ រួមមាន៖ វត្តកែវសិក្ខាគិរីស្វារៈ (វត្តប្រាសាទព្រះវិហារ) វត្តតេជោបុស្សស្បូវ វត្តឈើទាលគង និងវត្តអានសេះ។ ការប្រគេនចង្ហាន់ និងទេយ្យទាននេះ បានបង្ហាញពីការចូលរួមប្រតិបត្តិធម៌ និងការរក្សាប្រពៃណីព្រះពុទ្ធសាសនារបស់ប្រជាពុទ្ធបរិស័ទខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់កម្ពុជា។
ពិធីនេះមានគោលបំណងចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យបន្តរីកចម្រើន និងគង់វង្សយូរអង្វែង ព្រមទាំងរួមចំណែកថែរក្សា និងលើកស្ទួយទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដែលបានបន្សល់ទុកពីបុព្វបុរសតាំងពីបុរាណកាលមក។
ទន្ទឹមនឹងនេះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាឱកាសដ៏មានអត្ថន័យសម្រាប់ពុទ្ធបរិស័ទក្នុងការធ្វើបុណ្យកុសល និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាតិការដែលបានចែកឋានទៅកាន់បរលោក។
ជាពិសេស ក៏ជាឱកាសនៃការរំឭកគុណ និងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី និងបព្វជិតទាំងឡាយ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិមាតុភូមិ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ ក៏បានរួមគ្នាបួងសួងសុំសេចក្តីសុខ សិរីសួស្តី និងជ័យមង្គលពីវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបារមីដែលថែរក្សាទឹកដីនៃប្រាសាទព្រះវិហារ សូមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋខេត្តព្រះវិហារ និងប្រជាជនកម្ពុជាទូទាំងប្រទេស ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន មានសុខសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាយូរអង្វែងតរៀងទៅ៕





























