តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញកាន់បិណ្ឌ ១៤ ជាមួយប្រជាពលរដ្ឋ ឧទិ្ទសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធសាច់សារលោហិតទាំង៧សណ្តាន និងវីរកងទ័ពដែលបានពលីការពារបូរណភាពទឹកដី


ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងកូនប្រុស កូនស្រី ចៅៗ ក្រុមគ្រួសារ ព្រមជាមួយប្រជាពលរដ្ឋ បានអញ្ជើញកាន់បិណ្ឌទី១៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅវត្ដសុវណ្ណគិរី ដែលប្រព្រឹត្ដទៅនៅសាលាបុណ្យ ស្ថិតនៅក្នុងបរិវេណគេហដ្ឋាននៅស្រុកកំណើត ភូមិជើងឆ្នុក ស្រុកបាធាយ ខេត្ដកំពង់ចាម។

នាឱកាសដ៏មានសទ្ធាជ្រះថ្លា ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងកូនចៅ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងបានធ្វើបទនមស្ការ ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំ ព្រះសង្ឃ និងសមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។

នាឳកាសពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត និងកូនចៅ បាននាំយកនូវទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន ៧អង្គ រួមទាំងប្រគេនបច្ច័យសម្រាប់កសាងវត្តសុវណ្ណគិរីជើងឆ្នុក ជាង៩លាន ៦០ម៉ឺនរៀល។ ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះដែរ លោកបណ្ឌិតសភាចារ្យ និងលោកស្រីបណ្ឌិត ព្រមទាំងកូនចៅ ក៏បានធ្វើបុណ្យជូនទាន ដល់លោកតា លោកយាយ អ៊ុំពូមីង ដែលបានចូលរួមធ្វើបុណ្យរួមគ្នា ដោយក្នុងម្នាក់ទទួលបានថវិកាមួយចំនួន និងសារុងម្នាក់មួយ ពិសែសមានការរៀបចំអាហារដ៏ឆ្ងាញ់ ពេលព្រឹក និងថ្ងៃត្រង់ជូនប្រជាជនពិសាផងដែរ។

កុសលផលបុណ្យដែលកើតឡើងពីសទ្ធាជ្រះថ្លានេះ ព្រះចៅអធិការវត្ដ សូមឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វការីជន លោកឪពុក អ្នកម្ដាយ លោកទាំងទ្វេ, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការសាច់សារលោហិត ទាំង៧សណ្តាន រួមទាំងវីរកងទ័ពរបស់យើង ដែលបានចែកឋាន ទៅកាន់បរលោក សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លើសពីនោះសូមមហាកុសលផលបុណ្យក្នុងថ្ងៃនេះ ព្រះសង្ឃគ្រប់ព្រះអង្គ សូមលើកថ្វាយចំពោះព្រះរតនត្រ័យ និងទេវតាទាំង ១ម៉ឺនលោកធាតុ និងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារកូនចៅ និងប្រជាជននៃស្រុកបាធាយដែលបានចូលរួមមហាកុសលដ៏ធំធេងនេះ សូមមានសុខភាពល្អ និងជន្មាយុយឺនយូរ បន្ដដឹកនាំការងារជួយប្រជាជន និងប្រទេសជាតិ កាន់តែរីកចម្រើនរុងរឿង។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត និងក្រុមគ្រួសារសូមជូនមគ្គផល កុសលផលបុណ្យនេះ ជូនដល់ពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប និងសូមឧទិ្ទសកុសល ដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី រួមទាំងដួងវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត។

ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប ប្រជាជនភៀសសឹក វីរយុទ្ធជនទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៌ ធ្វើដំណើរទៅគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថាឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី គឺជាថ្នាក់ដឹកនាំឆ្នើម និងគំរូ ជាពិសេសជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លា ទ្រទ្រង់ព្រះពុទ្ធសសនា ដែលជាសាសនារបស់រដ្ឋ។ នៅគ្រប់ឱកាសពិធីបុណ្យប្រពៃណីជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត តែងតែដឹកនាំក្រុមគ្រួសារ កូនចៅ និងសហការី ក៏ដូចជាប្រជាពលរដ្ឋ ចូលរួមធ្វើបុណ្យដាក់ទាន មិនដែលរំលងរដូវកាលមួយណាសោះឡើយ ក្រៅជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ដអារាម និងវត្ដអារាម ហើយពិសេសក្នុងពិធិបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺលោកទាំងទ្វេ បានដឹកនាំក្រុមការងារចូលរួមពិធីបុណ្យកាន់បិណ្ឌ ជាបន្ដបន្ទាប់ រហូតដល់បិណ្ឌទី១៤ ដែលនេះជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់ព្រះពុទ្ធសាសនា និងគំរូដល់កូនចៅជំនាន់ក្រោយ។

សូមជម្រាបថាបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលា៕