សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះ លោកជំទាវ ថូ លន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ កំពត និងខេត្តកែប) និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដែលត្រូវជាស្វាមីរបស់លោកជំទាវ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
តាមរយៈសារលិខិតរំលែកមរណទុក្ខ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវសេចក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា ដោយបានគូសបញ្ជាក់ថា មរណភាពរបស់ ឯកឧត្តម ខៀវ មុត គឺជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃរបស់ក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងស្ថាប័នព្រឹទ្ធសភានាពេលកន្លងមក ឱ្យសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន។
សម្តេចរដ្ឋសភាធិការធិបតី បានគូសបញ្ជាក់បន្ថែមថា ទោះបីជារូបកាយរបស់ ឯកឧត្តម ខៀវ មុត បានបាត់បង់ទៅហើយក្តី ប៉ុន្តែស្នាដៃ គុណបំណាច់ និងគំរូវីរភាពស្មោះស្ម័គ្រក្នុងការបម្រើជាតិមាតុភូមិរបស់លោក នឹងត្រូវចងចាំ និងស្ថិតស្ថេរនៅក្នុងដួងចិត្តជានិច្ចនិរន្តរ៍។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ខៀវ មុត សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

