ជនភៀសសឹកកម្ពុជា (IDPs) មានបំណងប្រាថ្នា និងសមនឹងទទួលបានការត្រឡប់ទៅផ្ទះវិញ


នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅស្តីពី “របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ(អ.ស.ប.) ទទួលបន្ទុកជនភៀសខ្លួន សំណួរពាក់ព័ន្ធនឹងជនភៀសខ្លួន អ្នកវិលត្រឡប់ និងជនភៀសសឹក និងសំណួរមនុស្សធម៌” នៅក្នុងគណៈកម្មាធិការទី៣ នៃសម័យប្រជុំមហាសន្និបាតអ.ស.ប. លើកទី៨១ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីការកើនឡើងនៃបញ្ហាប្រឈមនៃការបណ្តេញចេញដោយបង្ខំ និងតម្រូវការសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

ឯកឧត្តមក៏បានទទួលស្គាល់ពីតួនាទីដែលមិនអាចខ្វះបានរបស់ UNHCR ក្នុងអំឡុងពេលតម្រូវការមនុស្សធម៌នេះ។

តំណាងអចិន្រ្តៃយ៍រងបានទាញចំណាប់អារម្មណ៍អង្គប្រជុំថា ជនភៀសសឹកកម្ពុជាប្រមាណជាង ២០.០០០ នាក់ ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន មានបំណងប្រាថ្នា និងសមនឹងទទួលបានការត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កូនចៅរបស់ជនភៀសសឹក ទន្ទឹងរង់ចាំការត្រឡប់ទៅសាលារៀនដើមរបស់ពួកគេវិញ។

ឯកឧត្តមបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបន្តអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងការគាំទ្រមនុស្សធម៌សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ខណៈពេលដែលបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលជាគោលការណ៍គ្រឹះ៕