(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលរងការប៉ះពាល់ ពីពហុវិបត្តិដែលកម្ពុជាបាននិងកំពុងជួបប្រទះ។
ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងចំនួន ៤លើក ក្នុងឆ្នាំ២០២៦ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, លើកទី២ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦នេះ, លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និង លើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា ដោយកម្ពុជា បាន និងកំពុងបន្តជួបពហុវិបត្តិដែលកើតមានឡើងជាបន្តបន្ទាប់ រួមមាន ការផ្លាស់ប្តូររបបពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្គ្រាមឈ្លានពាន និងការរំលោភបំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលផ្ដល់កម្មវិបាកអវិជ្ជមានដល់ការផ្គត់ផ្គង់ថាមពលសកលជាដើម, រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់ រយៈពេលខ្លី និងមធ្យមខាងមុខ»។
ក្នុងចំណោមអន្តរាគមន៍នានា, រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ» នេះឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ថ្មីៗនេះ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ស្នើឱ្យពលរដ្ឋដែលមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ ដែលមានសុពលភាពទាំងអស់មេត្តារក្សាបណ្ណ និងលេខកូដឱ្យបានល្អ និងសូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមបញ្ជរវីងគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរង កម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈនឹងផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមាន បណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាពប្រមាណ ៤លាន ៥សែននាក់ នៅទូទាំងប្រទេស។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹក ដោយសារជម្លោះព្រំដែនផងដែរ៕

