វិធានការរឹតបន្តឹងការអនុវត្តច្បាប់ ​ស្តីពី​វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នឹងត្រូវអនុវត្ត​ចាប់​ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦តទៅ


(ភ្នំពេញ)៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ​យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសនឹងចាត់វិធានការរឹតបន្តឹងលើការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយគ្រប់ប្រភេទយានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ទាំងស្រុង ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦តទៅ។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងដូចនេះថា ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើជាផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងការពារការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ សិល្បការ្យផ្លូវថ្នល់ ព្រមទាំងរួមចំណែកកាត់បន្ថយថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់ និងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ នឹងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយគ្រប់ប្រភេទយានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ទាំងស្រុង ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៦ តទៅ។

ករណីមានអំពើល្មើស ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបរដោយន្តធុនធ្ងន់ ត្រូវទទួលរងនូវការ ពិន័យដូចមានចែងក្នុងមាត្រា៣០ ថ្មី និងមាត្រាពាក់ព័ន្ធ ដោយពុំមានការលើកលែងឡើយ។

គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សង្ឃឹម និងជឿជាក់ថា សមាគមដឹកជញ្ជូនទំនិញផ្លូវភាក សមាគមភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងប្រតិបត្តិករដឹកជញ្ជូនជូនខ្លួនទាំងអស់ នឹងចូលរួមអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ឱ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕