ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជំរុញឱ្យក្រុមហ៊ុនក្នុងក្រុងគីមផូ ពង្រីកការវិនិយោគនៅកម្ពុជា ស្របពេលខួប ៣០ឆ្នាំនៃទំនាក់ទំនងការទូត


ខេត្តខ្យង់គីដូ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារជាមួយលោក Lee Ki-hyung អភិបាលក្រុងគីមផូ កាលពីថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពិភាក្សាលើសុខមាលភាពពលករខ្មែរ។

ក្នុងជំនួបនៅសាលាក្រុងគីមផូ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីសារៈសំខាន់នៃឆ្នាំ២០២៧ ដែលជាខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង។ ឯកឧត្តមបានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍រួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ក្នុងគោលបំណងជំរុញសក្តានុពលវិនិយោគ ឯកឧត្តម ឃួន ផុនរតនៈ បានអញ្ជើញលោកអភិបាលក្រុងគីមផូ ដឹកនាំគណៈប្រតិភូក្រុមហ៊ុន និងសហគ្រាសក្នុងតំបន់ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរៀបចំវេទិកាធុរកិច្ច និងស្វែងរកឱកាសចាប់ដៃគូអាជីវកម្មថ្មីៗ។

ឆ្លើយតបនឹងសំណើនេះ លោក Lee Ki-hyung អភិបាលក្រុងគីមផូ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ លោកបានបញ្ជាក់ថា ក្រុងគីមផូមានសហគ្រាសផលិតកម្មជាង ៨ពាន់ក្រុមហ៊ុន ហើយលោកមានបំណងចង់ឱ្យក្រុមហ៊ុនទាំងនេះ ពង្រីកទីផ្សាររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាផងដែរ។

ក្រៅពីកិច្ចការសេដ្ឋកិច្ច ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន និងការគាំពារពលរដ្ឋខ្មែរប្រមាណ ២,០០០នាក់ ដែលកំពុងរស់នៅ និងបំពេញការងារក្នុងក្រុងគីមផូ។ លោកអភិបាលក្រុងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលករកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់លោក៕