កម្ពុជា-វៀតណាម ប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាពប្រពៃណី និងសសរស្តម្ភការពារជាតិ ឆ្ពោះទៅ «ឆ្នាំមិត្តភាព ២០២៧»


(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦  ក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ សហការជាមួយក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីបើក «ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម – កម្ពុជា ឆ្នាំ២០២៦» (VIDEX CAMBODIA 2026) យ៉ាងមហោឡារិកនៅរាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍បម្រុង ង្វៀន ក្វាង ង៉ុក អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស ស្ថាប័ន អង្គភាព និងធុរកិច្ចនៃប្រទេសទាំងពីរ។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តម ឧត្តមសេនីយ៍បម្រុង ង្វៀន ក្វាង ង៉ុក អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ មានទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង ដែលត្រូវបានពង្រឹងឥតឈប់ឈរក្រោមបាវចនា «ជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ និងចីរភាពយូរអង្វែង»។ ទំនាក់ទំនងនយោបាយបន្តត្រូវបានលើកកម្ពស់ ខណៈដែលកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ត្រូវបានចាត់ទុកជាសសរស្តម្ភដ៏សំខាន់មួយ ដែលកាន់តែជិតស្និទ្ធ និងមានលក្ខណៈជាក់ស្តែង។

ឯកឧត្តម បានបន្ថែមថា កងទ័ព និងប្រជាជននៃប្រទេសទាំងពីរតែងតែឈរស្មាគៀកស្មាគ្នាជានិច្ច មិនត្រឹមតែក្នុងអំឡុងពេលតស៊ូប្រឆាំងអាណានិគម ចក្រព័ទ្ធ និងរបបប្រល័យពូជសាសន៍នាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិបច្ចុប្បន្ន ដើម្បីឯករាជ្យ សេរីភាព សុភមង្គលរបស់ប្រជាជន និងដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់។

ទោះបីជាស្ថានការណ៍ពិភពលោក និងតំបន់បន្តមានការវិវត្តយ៉ាងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ យន្តការសន្ទនា ការគ្រប់គ្រង និងការពារព្រំដែន ការបណ្តុះបណ្តាល ព្រមទាំងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកឯកទេសវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះក៏ធ្វើឡើងស្របពេលដែលប្រទេសទាំងពីរត្រៀមរៀបចំសកម្មភាពអបអរសាទរ «ឆ្នាំមិត្តភាព វៀតណាម – កម្ពុជា ២០២៧» និងខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត (២៤/០៦/១៩៦៧ – ២៤/០៦/២០២៧) ផងដែរ៕