សន្និសីទកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅរាជធានីភ្នំពេញនឹងបង្ហាញអំពីកិត្យានុភាពជាតិដ៏ខ្ពង់ខ្ពស់ របស់កម្ពុជានៅលើឆាកអន្តរជាតិ


នៅសល់តែ២៦ថ្ងៃទៀត ពោលគឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនៅរាជធានីភ្នំពេញដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយដែលឆ្លុះបញ្ចាំងពីកិត្យានុភាពជាតិដ៏ខ្ពង់ខ្ពស់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ នឹងមានថ្នាក់ដឹកនាំកំពូលៗ ប្រមាណ៩០ប្រទេសចូលរួមនិងឥស្សរជនសំខាន់ៗរបស់កម្ពុជាដែលគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រួមមាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលៗរួមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិរាប់ពាន់នាក់។

ការរៀបចំកិច្ចប្រជុំកំពូលនេះបានបង្ហាញទៅកាន់ពិភពលោកអំពីសក្តានុពលពិតប្រាកដ ការរីកចម្រើន និងស្ថិរភាពនយោបាយក្រោមបរិយាកាសសុខសន្តិភាពពេញលេញរបស់កម្ពុជា។ តាមរយះកិច្ចប្រជុំកំពូលរៀបចំឡើងក្រោមប្រធានបទ «ការវិនិយោគលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» និងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧នេះបានពង្រឹងទំនាក់ទំនងពហុភាគី ដែលជាវេទិកាដ៏មានឥទ្ធិពលក្នុងការប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃ បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ដើម្បីជជែកពិភាក្សានិងដោះស្រាយបញ្ហាប្រឈមសកល។

លើសពីនេះទៀតកិច្ចប្រជុំកំពូលដែលអមដោយព្រឹត្តិការណ៍ ភូមិហ្វ្រង់កូហ្វូន ដែលបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងសិល្បៈហ្វ្រង់កូហ្វូនរៀបចំនៅសួនមុខវត្តបុទុម និងព្រឹត្តិការណ៍ហ្វ្រង់កូតិច គឺជាវេទិកាសេដ្ឋកិច្ច និងឌីជីថលហ្វ្រង់តាក់រៀបចំនៅកោះពេជ្រ នេះ បានទាក់ទាញទេសចរនិងវិនិយោគិន តាមរយះវត្តមានប្រតិភូ,និងអ្នកសារព័ត៌មានអន្តរជាតិរាប់ពាន់នាក់មកកាន់ទីក្រុងភ្នំពេញគឺជាឱកាសមាសក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ និងទាក់ទាញឱកាសសេដ្ឋកិច្ចថ្មីៗ៕