ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពទំនប់អាងទឹកគៀនតាស៊ីវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ ខេត្តស្វាយរៀង


នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពទំនប់អាងទឹកគៀនតាស៊ីវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានវត្តមានចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើក្នុងខេត្តព្រៃវែង បានបណ្តាលឱ្យមានការហូរច្រោះដាច់ទំនប់សណ្ដអាងទឹកគៀនតាស៊ីវមួយកន្លែងប្រវែង ២០ ម៉ែត្រ និងបានបង្កផលប៉ះពាល់ដល់ស្រូវប្រជាពលរដ្ឋប្រមាណ ៤០ ហិកតា។ ជាវិធានការអន្តរាគមន៍បន្ទាន់ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានបើកទ្វារទឹកចំនួន ២ បន្ថែមទៀត ដើម្បីពន្លឿនការរំដោះទឹក និងជួយឱ្យកម្រិតទឹកស្រកចុះបានឆាប់រហ័ស ព្រមទាំងបានប្រើប្រាស់អេស្កាវ៉ាទ័រចំនួន ២គ្រឿង ដើម្បីច្រកដីដាក់ក្នុងបាវតម្រៀបទប់ទាំងសងខាង។

សូមបញ្ជាក់ថា អាងទឹកគៀនតាស៊ីវ ស្ថិតនៅចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រ ភាគខាងជើងទីរួមខេត្តស្វាយរៀង មានប្រភពទឹកពីអាងទឹកពន្លៃក្នុងខេត្តព្រៃវែងនិងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានបណ្ដោយប្រវែង ៧,៦គីឡូម៉ែត្រ មានផ្ទៃអាងទំហំ ១៨២,៧៨ ហិកតា មានសក្តានុពលស្តុកទឹកបានប្រមាណ ៤ លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលប្រមាណ ២២៨០ ហិកតា ដែលគ្របដណ្ដប់លើភូមិក្បាលដំរី កៀនតាស៊ីវ ស្វាយយា ព្រៃផ្អុង ស៊ីការ តាកោ ចំការចេក ដំណាក់កន្ទួត និងស្វាយជំរៅ នៃឃុំស្វាយយា។ អាងទឹកនេះមានទំនប់មេប្រវែង ១០១០ ម៉ែត្រ ទំនប់សណ្ដសងខាងប្រវែង ៩៥២០ ម៉ែត្រ និងសំណង់សិល្បការ្យតូចធំចំនួន ១២ កន្លែង។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្ដភាគខាងកើតទន្លេមេគង្គ ក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ ដែលកំពុងដំណើរការសិក្សាគ្រោងប្លង់លម្អិត ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តការងារសាងសង់ក្នុងឆ្នាំ២០២៧ ខាងមុខ៕