(ភ្នំពេញ)៖ កម្ពុជាបានប្រារព្ធទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ដោយរំលេចតួនាទីស្តង់ដារក្នុងការធានាគុណភាព និងសុវត្ថិភាពបរិក្ខារ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដើម្បីគាំទ្រគោលដៅថាមពលស្អាត និងទ្រទ្រង់បានសម្រាប់មនុស្សគ្រប់រូប។
ទិវានេះប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះក្រោមប្រធានបទ «ចក្ខុវិស័យរួមសម្រាប់ពិភពលោកប្រសើរជាងមុន៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ថាមពលស្អាត និងទ្រទ្រង់បាន»។
ថ្លែងក្នុងពិធីបើកទិវានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថា ស្របជាមួយនឹងការអបអរទិវានេះ ត្រូវបង្វែរទៅជាកម្លាំងចលករ និងយុទ្ធសាស្ត្រមួយ ក្នុងការពង្រឹងប្រព័ន្ធផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតផល និងសេវាកម្មរបស់យើងឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារនាំចេញដែលកម្ពុជាមានសក្តានុពលក្នុងការពង្រីក និងចូលរួមប្រកួតប្រជែង។
ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារនាំចេញ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតលើការធានាថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន មានចីរភាព និងទំនើបសម្រាប់មនុស្សគ្រប់រូប រួមទាំងការបង្កើនចំណែកថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលជាសកលត្រឹមឆ្នាំ២០៣០។
អង្គការស្តង់ដារអន្តរជាតិ រួមមាន ISO, IEC និង ITU គាំទ្រគោលដៅនេះ តាមរយៈស្តង់ដារសម្រាប់ការគ្រប់គ្រងថាមពល សុវត្ថិភាពបរិក្ខារ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពថាមពល។ ស្តង់ដារទាំងនេះកំណត់លក្ខខណ្ឌបច្ចេកទេសសម្រាប់បរិក្ខារ ដូចជាបន្ទះសូឡា ប្រព័ន្ធផ្ទុកថាមពលដោយថ្ម និងឧបករណ៍សាកយានយន្តអគ្គិសនី ព្រមទាំងជួយរោងចក្រ និងសហគ្រាសកាត់បន្ថយការខ្ជះខ្ជាយថាមពលក្នុងផលិតកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្ថែមថា៖ «ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គឺជាកិច្ចការចាំបាច់បំផុត»។
ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តពិសោធន៍ ជួយឱ្យផលិតករ និងសេវាករ បំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ និងបង្កើនទំនុកចិត្តលើផលិតផល និងសេវាកម្មរបស់កម្ពុជា។
លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមអភិវឌ្ឍស្តង់ដារជាតិនៅចុងឆ្នាំ១៩៩៩ និងបានដាក់ចេញស្តង់ដារជាតិដំបូងស្តីពីស្លាកសញ្ញាផលិតផលនៅឆ្នាំ២០០០។ ក្នុងឆ្នាំ២០២៦ ស្តង់ដារកម្ពុជាចំនួន ១០៦ ត្រូវបានអនុម័ត ហើយរហូតមកដល់ពេលនេះ កម្ពុជាមានស្តង់ដារជាតិចំនួន ១.៣០៩ រួមទាំងស្តង់ដារពាក់ព័ន្ធនឹងថាមពលអគ្គិសនី។
ទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ក៏មានការប្រគល់បណ្ណសរសើរដល់ក្រុមហ៊ុនដែលបានចុះបញ្ជីផលិត ផល និងទទួលបានការបញ្ជាក់ភាពអនុលោមតាមស្តង់ដារកម្ពុជា (CS) និងស្តង់ដារប្រព័ន្ធគ្រប់គ្រង។ កម្មវិធីក៏រួមមានបទបង្ហាញស្តីពីតួនាទីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ក្នុងការគាំទ្រពាណិជ្ជកម្ម និងកិច្ចពិភាក្សាអំពីស្តង់ដារសម្រាប់ថាមពលប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និងទំនុកចិត្ត៕
















