ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះបានផ្តោតការពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ព្រមទាំងដំណើរការនៃការដោះស្រាយបណ្តឹងឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ តម្រង់ទិស និងណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ឱ្យបន្តយកចិត្តទុកដាក់លើការស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម និងសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួល និងពន្លឿនចំណាត់ការដោះស្រាយលើករណីបណ្ដឹងជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព យុត្តិធម៌ ភាពឆាប់រហ័ស និងអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគិតយុត្តជាធរមាន។










