(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុក ឱ្យពួកគាត់រស់នៅក្នុងភាពឯកកោឡើយ ហើយបើមានការខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌនៅជិតបំផុតនោះអាជ្ញាធរនឹងចុះជួយឧបត្ដម្ភភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយឡើយ។
ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងខណៈឯកឧត្តម និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនសមាជិកអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់កម្ពុជា ក្នុងទិវាមនុស្សចាស់អន្តរជាតិលើកទី២៨ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍» នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ដោយមានសមាជិកជាអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់មកពីតាមបណ្តាសង្កាត់ទាំង១០៥ ខណ្ឌទាំង១៤ចំនួន ៥២៥នាក់។
ឯកឧត្តម ឃួង ស្រេង បានថ្លែងថា សម្តេចទាំងទ្វេបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់។ សូមឱ្យលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ និងប្រជាពលរដ្ឋទាំងអស់ ជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពាន។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ការបង្កើតឲ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិ និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលនេះ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង៥២៥នាក់ នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុងម្នាក់ៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម, ភួយ០១, ក្រមា០១, ត្រីខ ០១យូរ, មី ០១កេសតូច,ទឹកបរិសុទ្ធ ០១កេស និងថវិកា ចំនួន១០ម៉ឺនរៀល។
ក្នុងឱកាសនោះលោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានលើកឡើងថា ឯកឧត្តម ឃួង ស្រេង តែងតែដឹកនាំ ផ្តួចផ្តើម ចង្អុលបង្ហាញជាប់ជាប្រចាំឱ្យគ្រប់មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារជាពិសេស អតីតយុទ្ធជន និងមនុស្ស វ័យចាស់ដែលស្ថិតក្នុងគ្រួសារក្រីក្រជួបការលំបាក ផ្នែកជីវភាពនាពេលកន្លងមក។
លោក រឿន រិទ្ធីពង្ស បានបន្តថា នៅរាជធានីភ្នំពេញមានមនុស្សវ័យចាស់សរុបចំនួន ២០៨,៩៥២នាក់។ មនុស្សវ័យចាស់ក្នុងគ្រួសារក្រីក្រ មានបណ្ណសមធម៌ សរុបចំនួន ៤៦,៨៥១នាក់ (ស្រី ៣០,៩៦៣នាក់)។ មនុស្សវ័យចាស់ ទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ចំនួន ១៧,៤៩៨នាក់។ បច្ចុប្បន្នសមាជិក-សមាគមអតីតយុទ្ធជន និងនិវត្តជន រាជធានីភ្នំពេញ សរុបចំនួន ១១,២៨៦នាក់ ក្នុងនោះមាន៖ គ្រួសារពលីចំនួន ១,១១៤នាក់, គ្រួសារមរណៈចំនួន ៥៤៩នាក់, និវត្តជនចំនួន ៧,៨៣៤នាក់, ជនពិការចំនួន ១,៧០៥នាក់ និងជនបាត់បង់សមត្ថភាពចំនួន ៨៤នាក់។
លោកតា ងួន ឈិន អាយុ៨៤ឆ្នាំ រស់នៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងលោកតា ម៉ៅ សួន អាយុ៧១ឆ្នាំ រស់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ក្នុងឱកាសនោះដែរ បានថ្លៃនូវការអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឃួង ស្រេង ដែលតែតែយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ទាំងពេលកន្លងមក និងបច្វុប្បន្ននេះ។
សម្តេចទាំងទ្វេមានការឈ្លាសវៃល្អណាស់ ដោយគិតគូរបានគ្រប់ជ្រុលជ្រោយពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង។ លោកតាបន្តថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះមនុស្សចាស់ គឺពិតជាធ្វើសកម្មភាពបានយ៉ាងល្អប្រសើរ ពួកគាត់គាំទ្រយ៉ាងពេញទំហឹង៕







































