(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីពូជ និងកូនបង្កងពូជ នៅចំណុចដងស្ទឹងសង្កែ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើឱ្យស្ទឹងសង្កែសំបូរទៅដោយមច្ឆជាតិ សម្រាប់បម្រើឱ្យសេចក្ដីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជ ធ្វើឡើងដើម្បីដាស់ស្មារតីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សធនធានមច្ឆជាតិ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមបានជំរុញអាជ្ញាធរក្រុង ស្រុក បង្កើនការព្រលែងកូនត្រីនៅតាមប្រភពទឹកធំៗ និងតំបន់អភិរក្សឱ្យបានច្រើន សំដៅបង្កើនធនធានជលផល និងជំរុញការបង្រ្កាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។
ឯកឧត្តមបានថ្លែងអំណរគុណកងកម្លាំងយោធា ដែលបានខិតខំការពារធនធានជលផល និងបង្រ្កាបបទល្មើសនៅតំបន់បឹងទន្លេសាប ធ្វើឱ្យធនធានមច្ឆជាតិមានការកើនឡើងជាលំដាប់។
ឯកឧត្តមបានជំរុញមន្រ្តីជំនាញជលផល និងប្រជាពលរដ្ឋបង្កើនការបង្កាត់ពូជមច្ឆជាតិ និងការចិញ្ចឹមឱ្យបានច្រើនផុសផុល ដើម្បីបំពេញតម្រូវការហូបចុកប្រចាំថ្ងៃ។ លោកក៏បានណែនាំដល់មន្រ្តី និងប្រជាពលរដ្ឋត្រូវមានស្មារតីភ្ញាក់រលឹកចូលរួមយុទ្ធនាការថែរក្សាអនាម័យបរិស្ថាន និងសម្អាតបរិវេណមន្ទីរ អង្គភាព តាមដងផ្លូវ និងផ្ទះសម្បែងរៀងៗខ្លួន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
សូមជម្រាបថា ទិវាមច្ឆជាតិ «លែងកូនត្រីពូជ និងកូនបង្កងពូជ» នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានព្រលែងកូនត្រីពូជមាន ត្រីប្រា ត្រីឆ្ពិន ពោ ក្រាញ់ អណ្ដែងទន់ ចំនួន ៧០,០០០ក្បាល និងកូនបង្កងពូជ ៤០,០០០ក្បាល សរុបចំនួន ១១០,០០០ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្ដើកផងដែរ៕
















