អាស៊ានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធខុសច្បាប់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន


ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប.) នាថ្ងៃទី២១ ខែតុលា ឆាំ្ន២០២៦នេះ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមអាស៊ាន នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធទូទៅ” របស់គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក ។

ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរ អាវុធធុនតូច និងអាវុធធុនស្រាលដោយខុសច្បាប់ ជាពិសេសការពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព។

ទន្ទឹមនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើកិច្ចខិតប្រឹងប្រែងចំពោះការងាររបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងការដោះស្រាយផលប៉ះពាល់មនុស្សធម៌ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។