សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការរីករាយក្នុងការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។
នៅក្នុងពិធីនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ មានតួនាទីគន្លឹះក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញផលិតកម្ម និងសេវាកម្មក្នុងស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ សហគ្រាស និងសិប្បកម្មដែលបានចុះបញ្ជីមានជាង ៤៤.០០០ មូលដ្ឋាន ដែលផ្តល់ការងារជិត ៥០ ម៉ឺនកន្លែង។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យនេះ ដោយបានស្នើឱ្យបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (អ.ស.ត.ម.) ដើម្បីសម្រួលដល់ការចុះបញ្ជី អាជ្ញាបណ្ណ និងការលើកទឹកចិត្តផ្សេងៗ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមនៅដំណាក់កាលបន្ទាប់គឺការបង្កើនផលិតភាព គុណភាព និងស្តង់ដារ ការចាប់យកបច្ចេកវិទ្យា និងការតភ្ជាប់ទៅកាន់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានតម្លៃបន្ថែមខ្ពស់៕

