ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយសាយប័រ អាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៧


(សិង្ហបុរី)៖ នាពេលថ្មីៗនេះ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយសាយប័រ អាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៧ (7th ASEAN-U.S. Cyber Policy Dialogue) ជាមួយឯកឧត្តម Joshua Young មន្ត្រីជាន់ខ្ពស់ និងឯកឧត្តម Lloyd Freeman ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៃការិយាល័យទទួលបន្ទុកការគំរាមកំហែងថ្មីៗ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក។

កិច្ចសន្ទនានេះបានប្រព្រឹត្តទៅស្របពេលជាមួយសប្តាហ៍អន្តរជាតិសន្តិសុខសាយប័រនៃប្រទេសសិង្ហបុរី លើកទី១១ (11th Singapore International Cyber Week – SICW) និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសន្តិសុខសាយប័រ លើកទី១១ (11th ASEAN Ministerial Conference on Cybersecurity – AMCC)។

កិច្ចសន្ទនានេះមានការចូលរួមពីគណៈប្រតិភូ ក.ប.ទ. ព្រមទាំងឯកឧត្តម សន ច័ន្ទរិទ្ធី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសន្តិសុខឌីជីថល តំណាងក្រសួងមហាផ្ទៃ តំណាងរដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងតំណាងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ដោយផ្តោតលើការចែករំលែកបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងគោលនយោបាយសន្តិសុខសាយប័រ កិច្ចខិតខំក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រនិងការឆបោកអនឡាញ សំដៅជំរុញការកសាងសមត្ថភាពលើជំនាញសាយប័រ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន។

ក្នុងឱកាសនោះ គណៈប្រតិភូ ក.ប.ទ. ក៏បានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដោយផ្តោតលើ វិស័យអាទិភាពចំនួន ៤ រួមមាន ការចែករំលែកព័ត៌មានអំពីការគំរាមកំហែងសាយប័រ ការពង្រឹងយន្តការឆ្លើយតបនឹងឧប្បត្តិហេតុសាយប័រដោយស៊ីមេទ្រីគ្នា ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការកសាងសមត្ថភាពដើម្បីឆ្លើយតបនឹងការគំរាមកំហែងសាយប័រថ្មីៗ៕