នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី «ការកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ។
នាឱកាសនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «ការកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា» ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងគោលបំណងជំរុញការអប់រំបរិស្ថាន និងការកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា សំដៅបង្កើនការយល់ដឹង និងការចូលរួមរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ ក្នុងការកាត់បន្ថយហានិភ័យដល់សុខភាពសាធារណៈ និងបរិស្ថាន ដើម្បីសម្រេចបាននូវគោលដៅ «សាលារៀនគ្មានសំណល់ប្លាស្ទិក» និងមានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សាគ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា ដែលស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាការបោះជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដើម្បីបណ្ដុះស្មារតីទទួលខុសត្រូវចំពោះបរិស្ថាន កាត់បន្ថយហានិភ័យដល់សុខភាពសាធារណៈ ជាពិសេសតាមរយៈការកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិក ព្រមទាំងលើកកម្ពស់ការញែក និងការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយជំរុញឱ្យគ្រឹះស្ថានសិក្សាមានបរិស្ថានស្អាត បរិយាកាសល្អ តាមរយៈការចូលរួមរបស់សិស្ស និងបុគ្គលិកអប់រំ ដែលជាកម្លាំងស្នូលក្នុងការផ្លាស់ប្ដូរឥរិយាបថ និងជំរុញការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាពនៅក្នុងសាលារៀន សហគមន៍ និងសង្គមទាំងមូល។
កន្លងមក ក្រសួងបរិស្ថានបានផ្ដល់ជូនរួចហើយនូវធុងសំរាមចំនួន ១៦ ៩៣៥ធុង ដល់សាលារៀនចំនួន ៥ ៦៤៥ នៅ ១១ខេត្ត រួមមាន៖ កំពង់ធំ កំពត កណ្ដាល កោះកុង ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ កែប និងត្បូងឃ្មុំ។ តាមរយៈអនុស្សរណៈថ្ងៃនេះ ក្រសួងបរិស្ថាននឹងបន្តផ្ដល់ធុងសំរាមចំនួន ១៧ ១៧៥ធុង ជូនដល់សាលារៀនចំនួន ៥ ៧២៥ នៅ ១៤រាជធានី ខេត្តបន្ថែមទៀត រួមមាន៖ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រាជធានីភ្នំពេញ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ស្វាយរៀង តាកែវ ឧត្តរមានជ័យ និងប៉ៃលិន។ ជារួម ក្រសួងបរិស្ថាន បាននិងកំពុងផ្ដល់ ៣៤ ១១០ធុង ជូនសាលារៀនចំនួន ១១ ៣៧០សាលា ទូទាំងប្រទេស។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងគណៈប្រតិភូក្រសួងបរិស្ថានទាំងអស់ ដែលបានផ្ដួចផ្ដើម និងផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការបង្កើតឱ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ការគ្រប់គ្រងសំណល់ ឬទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម គឺជាទម្លាប់ល្អដែលត្រូវចាប់ផ្ដើមបណ្ដុះពីសាលារៀន ដើម្បីឱ្យសិស្សយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃនៅតាមផ្ទះ សហគមន៍ និងទីសាធារណៈទូទៅ ជួយឱ្យសិស្សក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន សំដៅរួមគ្នាកសាងបរិស្ថានស្អាត បៃតង និងមានសុខុមាលភាពសម្រាប់ទាំងអស់គ្នា។
ដើម្បីធានាឱ្យការអនុវត្តអនុស្សរណៈនេះទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតួនាទី និងភារកិច្ច ដូចជា៖
១. រៀបចំគោលការណ៍ណែនាំ និងផ្សព្វផ្សាយអំពីហានិភ័យនៃសំណល់ប្លាស្ទិកដល់សុខភាព និងបរិស្ថាន ព្រមទាំងបង្រៀនអំពីវិធីសាស្ត្រទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវដល់បុគ្គលិកអប់រំ និងសិស្ស និស្សិតនៅតាមសាលារៀន
២. បញ្ចូលខ្លឹមសារស្ដីពីការកាត់បន្ថយសំណល់ប្លាស្ទិក និងការថែរក្សាការពារបរិស្ថានទៅក្នុងកម្មវិធីសិក្សាផ្លូវការ និងសកម្មភាពអប់រំក្រៅម៉ោងសិក្សា ជាពិសេសទៅក្នុងមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋានឱ្យកាន់តែសម្បូរបែប និង
និង៣. សម្របសម្រួលកិច្ចសហការគ្រប់លំដាប់ថ្នាក់ជាមួយអង្គភាពថ្នាក់កណ្ដាល មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ដើម្បីអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព និងជាប្រចាំ។
កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលបរិស្ថានសាលារៀនស្អាតទៅក្នុងសូចនាករស្ដង់ដាសាលារៀនគំរូ ព្រមទាំងបានបង្កើនការអប់រំ និងកម្មវិធីក្រៅម៉ោងសិក្សាពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ ការថែរក្សាបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងការបណ្ដុះស្មារតីទទួលខុសត្រូវខ្ពស់ វិន័យ សីលធម៌ ព្រមទាំងឥរិយាបថល្អដល់សិស្ស ជាពិសេសបានបញ្ជ្រាបបំណិននេះទៅក្នុងការអប់រំកុមារតូច ដើម្បីបណ្ដុះទម្លាប់ល្អ និងភាពម្ចាស់ការលើខ្លួនឯងតាំងពីវ័យក្មេង ដោយមានការចូលរួមគាំទ្រពីសហគមន៍ និងមាតាបិតា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថានដែលមានការប្ដេជ្ញាចិត្តផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ឯកសារអប់រំ និងសម្ភារៈគាំទ្រ ព្រមទាំងការសហការរៀបចំការវាយតម្លៃ និងផ្ដល់វិញ្ញាបនបត្រលើកទឹកចិត្តរួមគ្នាដល់គ្រឹះស្ថានសិក្សាណា ដែលអនុវត្តបានល្អប្រសើរក្នុងចលនា «សាលារៀនគ្មានសំណល់ប្លាស្ទិក»។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់៖
-គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូទាំងអស់៖ សូមធ្វើជាគំរូល្អដល់សិស្សក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងសាលារៀន។
-សិស្ស និស្សិតទាំងអស់៖ ត្រូវចូលរួមជាកម្លាំងចលករដ៏សកម្មក្នុងការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃ ដោយចាប់ផ្ដើមពីការកាន់ដបទឹកផ្ទាល់ខ្លួន ការប្រើប្រាស់ប្រអប់បាយ ឬសម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន និងចូលរួមញែកសំរាមឱ្យបានត្រឹមត្រូវ។
-អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍ៖ សូមបន្តជួយគាំទ្រ និងសហការជាមួយសាលារៀន ដើម្បីឱ្យចលនា «សាលារៀនគ្មានសំណល់ប្លាស្ទិក» ដំណើរការទៅដោយរលូន និងមានចីរភាព៕
















