ព្រះសីហនុ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ Viking Venus នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នេះ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៩០០នាក់ ចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ យោងតាមមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះ សីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ Viking Venus មានសញ្ជាតិន័រវេស មានបណ្តោយ ២២៨,៣០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជម្រភទឹក ៦,៦៥ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៨៥៦នាក់ (ស្រី ៤៤៨នាក់) ស្មើនឹង ២៧សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៦៧នាក់ (ស្រី ១១២នាក់) ស្មើនឹង ៣៥សញ្ជាតិ។ នាវាទេសចរណ៍ Viking Venus បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ០៦:៤០នាទីព្រឹកថ្ងៃទី២២ ខែតុលា ២០២៦ ដោយនាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ១៤:០០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Viking Venus ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អាម៉េរិក មានចំនួន ៦៨៦នាក់ (ស្រី ៣៦៤នាក់) និងអូស្រ្តាលី មានចំនួន ៥២នាក់ (ស្រី២៥នាក់)។ ភ្ញៀវទេសចរមកពីខេត្តសៀមរាបបន្តដំណើតាមនាវា Viking Venus មានចំនួន ២៥នាក់ (ស្រី ១៤នាក់) ស្មើនឹង ២សញ្ជាតិ។ នេះជាការចូលចតរបស់នាវាទេសចរណ៍បរទេសលើកទី២ ក្នុងរដូវវស្សានេះ ហើយក៏បង្ហាញថា រដូវប្រាំងចូលមកដល់ នាវាទេសចរបរទេសនាំភ្ញៀវទេសចរបរទេសចូលមកកម្ពុជាតាមនាវា ភាគច្រើនភ្ញៀវទេសចរមកពីប្រទេសអ៉ឺរ៉ុបធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍គ្មានផ្សែងជាមាសបៃតងក្នុងការចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ចំពោះទីតាំងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមានដូចជា ភូមិអ្នកនេសាទទំនប់រលក ទីប្រជុំជនផ្សារ រមណីយដ្ឋានវប្បធម៌ (វត្តអារាម) តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរូបសំណាកក្នុងខេត្តព្រះសីហនុជាដើម។ សូមបញ្ជាក់ថា ការមកដល់នៃភ្ញៀវទេសចរបរទេសមកពីអឺរ៉ុបនាពេលនេះ មានការទទួលស្វាគមន៍ពីលោកអភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ៕






