សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអនុញ្ញាត ឱ្យ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ ដឹកនាំប្រិតភូសហព័ន្ធ ចូលជួបសម្តែងការងារសមនិងគោរពរាយការណ៍អំពីការងារដែលសហព័ន្ធបានអនុវត្តកន្លងមក នៅវិមាន ៧មករា នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សរ សិទ្ធិ បានលើកឡើងអំពីប្រវត្តិរបស់ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំដ៏ស្វាហាប់ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចក្រឡាហោម ស ខេង អតីតប្រធានសហព័ន្ធ ពីអាណត្តិទី១ រហូតដល់អាណត្តិទី៤ និងការបន្តវេនដឹកនាំយ៉ាងសកម្មប្រកបដោយថាមពលក្នុងអាណត្តិទី៥ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បន្ទាប់មក ឯកឧត្តម ក៏បានលើកឡើងអំពីវឌ្ឍនៈការងារនិងទិសដៅទៅថ្ងៃអនាគតរបស់សហព័ន្ធ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម សរ សិទ្ធិ និងថ្លែងការកោតសសើរចំពោះវឌ្ឍនៈភាពរបស់របស់សហព័ន្ធក្នុងរយៈពេល២៨ឆ្នាំ កន្លងមកនេះ និងទទួលបាននូវលទ្ធផលល្អគួរជាទីមោទនៈ និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៥ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខាងមុខនេះ។
ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់នូវអនុសាសន៍ណែនាំ ចំនួន៤ចំណុច ដើម្បីជាទិសដៅក្នុងការជំរុញ និងអភិវឌ្ឍវិស័យកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនទ្វេឡើងបន្ថែមទៀត រួមមាន៖
១.ស្នើសុំឱ្យសហព័ន្ធ សហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលខេត្តស្វាយរៀង ២.ក្រសួងអប់រំ យុវជន និងកីឡា ៣.ក្រសួងទេសចរណ៍ ៤.ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោរលបំណងជំរុញ និងដើម្បីធានាថា ការរៀបចំព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៥ និងពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត លើកទី៣ នាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាពខ្ពស់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងការទទួលភ្ញៀវជាតិ-អន្តរជាតិបានល្អ។
២.ស្នើដល់គណៈកម្មការគ្រប់គ្រងផ្ទាល់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅលើរបបអាហារូបត្ថម្ភ សុខភាពប្រចាំកាយ និងលក្ខខណ្ឌស្នាក់នៅ របស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ឱ្យបានល្អប្រសើរក្នុងអំឡុងពេលហ្វឹកហាត់ និងការប្រកួត
៣.សូមជំរុញការរៀបចំផែនការបច្ចេកទេស និងគម្រោងសាងសង់មជ្ឈមណ្ឌលកីឡាលើទឹកនៅទន្លេវ៉ៃគោ ឱ្យបានរួចរាល់ដើម្បីបុកគ្រឹះតាមកាលកំណត់នៅដើមឆ្នាំ២០២៧ ធានាឱ្យបាន នូវបទដ្ឋានស្តង់ដារអន្តរជាតិ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១។
៤.ស្នើឱ្យសហព័ន្ធសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បង្កើតកម្មវិធីជ្រើសរើស និងបណ្តុះបណ្តាលសិស្សានុសិស្សដែលមានទេពកោសល្យពីតាមសាលារៀន ក្នុងខេត្តស្វាយរៀង ដើម្បីបង្កើតបានជាធនធានបន្តវេនប្រកបដោយចីរភាព។
ជាការឆ្លើយតប ឯកឧត្តម សរ សិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលដ៏មានតម្លៃអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធចូលជួបសម្តែងការគួរសម ព្រមទាំងទទួលបាននូវអនុសាសន៍ណែនាំល្អៗ សម្រាប់យកទៅអនុវត្តបន្តក្នុងការបំពេញភារកិច្ចឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕





