សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើឲ្យបាត់បង់ទឹកដី ទាំងខ្លួនមិនមានភស្តុតាង និងមូលដ្ឋានច្បាស់លាស់ ប្រៀបដូចជាការបង្ហាញភាពខ្វះចន្លោះក្នុងការអះអាងរបស់ខ្លួនឲ្យប្រជាពលរដ្ឋបានឃើញដោយផ្ទាល់។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបទង្វើរបស់លោក អ៊ុំ សំអាន ជាការកំពុងស្រាតខោខ្លួនឯឲ្យប្រជាពលរដ្ឋបានឃើញកាន់តែច្បាស់។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ចឹងឥឡូវគាត់ហែកខោខ្លួនឯងឲ្យប្រជាពលរដ្ឋ ១៧លាននាក់មើលហើយ ទី១៖ គាត់លឺគេថា ហើយបើសិនគ្រាន់លឺគេថា ចាំបាច់អីថៃនិងកម្ពុជា បង្កើត MoU បង្កើត JBC ធ្វើអី? ទី២៖ វិទ្យុអាស៊ីសេរីបានសួរលោក អ៊ុំ សំអាន ហេតុអីចោទបែបនេះ រួចលោកនេះយាយថា ដោយសារ អាស៊ីសេរីផ្សាយ ហើយលោកគ្រាន់ឃើញថៃផ្សាយលោកថា លោកមានញាណពិសេស ទី៣៖​ចុងក្រោយគាត់ថា គាត់អត់ដឹងទេ ទាល់បារាំងបានដឹង» បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្ដេចអរគុណចំពោះអ្នកដែលបានសួរសំណួរចំចំណុច ដោយទាមទារឲ្យលោក អ៊ុំ សំអាន បង្ហាញឯកសារ និងភស្តុតាងជាក់លាក់ចំពោះការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានធ្វើឲ្យបាត់បង់ទឹកដីនៅតាមចំណុចព្រំដែនដែលលោក អ៊ុំ សំអាន បានលើកឡើង។ សម្ដេចបានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ ជុំវិញការអះអាងរបស់លោក អ៊ុំ សំអាន ថា៖

*ចំណុចទី១ សម្ដេចបានចោទជាសំណួរថា ប្រសិនបើការលើកឡើងនោះគ្រាន់តែផ្អែកលើការឮតាមគេនិយាយ ហេតុអ្វីបានជាកម្ពុជា និងថៃត្រូវមានយន្តការដូចជា អនុស្សរណៈនៃការយោគយល់គ្នា (MoU) និងគណៈកម្មការចម្រុះព្រំដែន (JBC) សម្រាប់ដោះស្រាយបញ្ហាព្រំដែន?

*ចំណុចទី២ សម្ដេចបានលើកឡើងពីការឆ្លើយតបរបស់លោក អ៊ុំ សំអាន ចំពោះសំណួររបស់វិទ្យុអាស៊ីសេរី ថា ការចោទប្រកាន់នេះហាក់មិនទាន់មានមូលដ្ឋានច្បាស់លាស់ ខណៈការលើកឡើងរបស់លោកត្រូវបានភ្ជាប់ទៅនឹងព័ត៌មានដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងភាគីថៃ។

*ចំណុចទី៣ សម្ដេចបានលើកឡើងថា លោក អ៊ុំ សំអាន មិនទាន់ដឹងច្បាស់អំពីបញ្ហានេះទេ ហើយត្រូវរង់ចាំការបញ្ជាក់ពីភាគីបារាំង។ សម្ដេចបានចោទជាសំណួរថា ប្រសិនបើមិនទាន់ដឹងការពិតច្បាស់លាស់ផង ហេតុអ្វីបានជាត្រូវប្រញាប់ចោទប្រកាន់រាជរដ្ឋាភិបាល?

សម្ដេចបានបញ្ជាក់ទៀតថា ប្រសិនបើលោក អ៊ុំ សំអាន មានភស្តុតាងថា រាជរដ្ឋាភិបាលបានធ្វើឲ្យបាត់បង់ទឹកដីក្រោយជម្លោះកម្ពុជា-ថៃ សូមបង្ហាញភស្តុតាងទាំងនោះឲ្យបានច្បាស់លាស់។ សម្ដេចបន្ថែមថា សម្ដេចមិនបន្តឆ្លើយតបចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ដោយសង្កត់ធ្ងន់ថា អ្នកនយោបាយដែលមានការទទួលខុសត្រូវត្រូវបង្ហាញអង្គហេតុ និងភស្តុតាងជាក់លាក់ចំពោះការលើកឡើងរបស់ខ្លួន។

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ជាប្រធានបទដែលទាមទារឲ្យមានការបញ្ជាក់តាមរយៈឯកសារ និងភស្តុតាងជាក់ស្តែង។ ដូច្នេះ ការផ្សព្វផ្សាយព័ត៌មាន និងការធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងបញ្ហានេះ គួរផ្អែកលើមូលដ្ឋានច្បាស់លាស់ ដើម្បីឲ្យសាធារណជនអាចពិចារណា និងយល់ដឹងអំពីបញ្ហាបានត្រឹមត្រូវ៕