(បន្ទាយមានជ័យ)៖ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យោធិនពិការ វីរកងទ័ព និងគ្រួសារកងទ័ពនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ ស្ថិតភូមិតេជោភ្នំឆត្រ ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្កុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូនកងទ័ពទាំងអស់ ជាពិសេសយោធិនពិការ ដែលបានលះបង់កម្លាំងកាយចិត្ត និងសុខភាពដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមផ្ញើនូវសេចក្តីនឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏ស្មោះស្ម័គ្រ ការលះបង់សាច់ស្រស់ ឈាមស្រស់ និងស្មារតីប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជននាពេលកន្លងមក។ សូមជូនពរដល់បងប្អូនយោធិនទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ។
អំណោយដ៏ថ្លៃថ្លា និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនាំទៅប្រគល់ជូននាយទាហានពិការ ម្នាក់ៗទទួលបាន៖ ឃីត ១កញ្ចប់, អង្ករ ១បាវ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ទឹកបរិសុទ្ធ ១កេស ភេសជ្ជៈប៉ូវកម្លាំង ១កេស និងថវិកា ៥មុឺនរៀល។ ជូនមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣៧១ តេជោភ្នំឆត្រ នូវអំណោយមានទឹកបរិសុទ្ធ ៤០កេស ភេសជ្ជៈប៉ូវកម្លាំង ៣០កេស សាំង ៣០០លីត្រ និងថវិកាចំនួន ២លានរៀល។
ជាមួយគ្នានេះដែរ ក៏ប្រគេនទេយ្យទានដល់វត្តចំនួន២ គឺវត្តធម្មារាមប្រាសាទខ្វាវលិច និងវត្តប្រាសាទសំរោងតេជោសែនជ័យ ដោយក្នុងមួយវត្តទទួលបានអង្ករ ១០បាវ មី១០កេស ទឹកត្រី ១០យួរ ត្រីខមួយកេស ទឹកបរិសុទ្ធ១០កេស សារុង ក្រណាត់ស ភួយ មុង ចំនួន៥០ និងបច្ច័យ ១លាន ៥សែនរៀល៕











































