ឯកឧត្តម​ ឃួន​ ផុនរតនៈ​ ទទួលជួបពិភាក្សាការងារជាមួយ​អគ្គលេខាធិការមូលនិធិ WeLoveU Foundation


នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយលោក Lee Seung-An អគ្គលេខាធិការមូលនិធិ WeLoveU Foundation នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ភាគីទាំងពីរ​ បានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងគម្រោងពង្រីកកម្មវិធីមនុស្សធម៌របស់មូលនិធិ WeLoveU Foundation នៅប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត បានមានប្រសាសន៍ថា ឆ្នាំ២០២៧ ខាងមុខនេះ ជាឆ្នាំដ៏សំខាន់នៃខួបគម្រប់ ៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកឧត្តមសង្ឃឹមថាលោកស្រីប្រធានមូលនិធិ និងគណៈប្រតិភូ​ ពិនិត្យលទ្ធភាពអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា និងពិចារណាពង្រីកគម្រោងជំនួយមនុស្សធម៌នៅតាមបណ្តាទីជនបទនៃប្រទេសកម្ពុជា។

ជាការឆ្លើយតប​ លោកអគ្គលេខាធិការ​ ក៏បានជម្រាបជូនឯកឧត្តមថា លោកមានគម្រោងទៅទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខនេះផងដែរ ដោយនាំយកនូវជំនួយជាកុំព្យូទ័រ​ ជូនដល់ប្អូនៗសិស្សានុសិស្សនៅតាមសាលារៀននៅតាមតំបន់ជនបទ​ ដែលកំពុងជួបប្រទះនឹងការខ្វះខាត។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអគ្គលេខាធិកាក៏បានអញ្ជើញ​ ឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវ​ ចូលរួមកម្មវិធីតន្ត្រីមនុស្សធម៌ប្រចាំឆ្នាំ ដែលរៀបចំដោយមូលនិធិ WeLoveU Foundation នៅខែវិច្ឆិកាខាងមុខនេះ ផងដែរ។